គ្រាន់តែថ្លៃថែទាំឡាន Bugatti Chiron Pur Sport រៀងរាល់៤ឆ្នាំម្ដង ត្រូវអស់លុយជិត៤០ម៉ឺនដុល្លារ

នៅទីផ្សារអន្តរជាតិ រថយន្ត Bugatti Chiron Pur Sport មានដាក់លក់តម្លៃប្រមាណ ៣,៦លានដុល្លារ ហើយវាមានផលិតត្រឹម៦០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារពិភពលោក។

អំឡុងពេលដែលទៅដល់ទីតាំងលក់រថយន្ត Bugatti ផ្លូវការនៅសិង្ហបុរី បុរសម្នាក់ឈ្មោះថា Muhammad Al Qawi Zamani ដែលជាអ្នកផ្សព្វផ្សាយដំណឹងពីរថយន្ត បានមានឪកាសសិក្សាអំពីថ្លៃថែទាំរថយន្ត Chiron Pur Sport ដើម្បីឲ្យវា​នៅ​មាន​លក្ខណៈសម្បត្តិល្អ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមនោះដែរ ការប្ដូរប្រេងសម្រាប់ម៉ាស៊ីន ១៦ស៊ីឡាំង ចំណុះ៨,០លីត្រ របស់រថយន្តនេះគឺត្រូវចំណាយអស់ប្រមាណ ២៥ ០០០ដុល្លារ ដែលត្រូវប្ដូររៀងរាល់ ១៤ខែម្ដង ឬពេលជិះបានចម្ងាយ ១៦ ០០០គីឡូម៉ែត្រ។

ដោយឡែកចំពោះប្រព័ន្ធហ្វ្រាំង ស្បែកហ្វ្រាំងខាងមុខ​នឹងត្រូវអស់ទឹកប្រាក់ប្រមាណ ៤៩ ៧០០ដុល្លារ ពេលដែលត្រូវប្ដូរ, ដុំហ្វ្រាំងមានតម្លៃប្រមាណ ៩ ០០០ដុល្លារ ខណៈដែលការប្ដូរប្រេងហ្វ្រាំងគឺត្រូវចំណាយប្រមាណ ៥៩ ០០០ដុល្លារ។

ចូលដល់ផ្នែកដែលមានអាយុកាលវែងចាប់ពី ៤២ ទៅ ៤៨ខែ ដូចជា​តម្រងខ្យល់មានតម្លៃប្រមាណ ២២ ០០០ដុល្លារ, Turbocharger មានតម្លៃប្រមាណ ២៦ ០០០ដុល្លារ, ធុងប្រេងមានតម្លៃប្រមាណ ៤៤ ០០០ដុល្លារ, ផ្ទាំងកញ្ចក់មុខមានតម្លៃប្រមាណ ៥៩ ៨៥៥ដុល្លារ, ផ្លិតទឹកមានតម្លៃប្រមាណ ៣ ៨០០ដុល្លារ, ការត្រួតពិនិត្យម៉ាស៊ីនដើម្បីធានាថាមានសមត្ថភាពល្អមានតម្លៃប្រមាណ ២៨ ៦០០ដុល្លារ ហើយការលាបពណ៌ទឹកថ្នាំឡើងវិញត្រូវចំណាយប្រមាណ ៥៥ ០០០ដុល្លារ។

ជារួមទៅ ថ្លៃថែទាំរថយន្ត Chiron Pur Sport ក្នុងអំឡុងរយៈពេល៤ឆ្នាំ នឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ៣៨០ ០០០ដុល្លារ ដោយមិនទាន់គិតបញ្ចូលកម្រៃបន្ថែមផ្សេងៗនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម