ការិយាល័យបច្ចេកវិទ្យារថយន្តនៃមន្ទីរថាមពលសហរដ្ឋអាមេរិក បានប៉ាន់ស្មានថាតម្លៃនៃអាគុយរថយន្តអគ្គិសនីបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។
ផ្អែកតាមការិយាល័យនេះ បានបង្ហាញថាតម្លៃនៃអាគុយលីចូមប្រើលើរថយន្តអគ្គិសនី បានធ្លាក់ចុះ ៨៧% នៅចន្លោះឆ្នាំ ២០០៨ និងឆ្នាំ ២០២១។ នៅឆ្នាំ ២០០៨ ប៉ាន់ស្មានថាវាមានតម្លៃ ១២៣៧ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលមានន័យថាអាគុយចំណុះ ៤២គីឡូវ៉ាត់ម៉ោង លើរថយន្ត BMW i3 អាចនឹងត្រូវចំណាយអស់ ៥១ ៩៥៤ដុល្លារ។
ដោយឡែកតម្លៃនាពេលបច្ចុប្បន្ននេះគឺ ១៤៣ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលមានន័យថាអាគុយរបស់ BMW i3 ត្រូវចំណាយ ៦០០៦ដុល្លារប៉ុណ្ណោះ។
អាគុយរថយន្តអគ្គិសនីមិនត្រឹមតែមានតម្លៃកាន់តែធូរថ្លៃនោះទេ ប៉ុន្តែវាក៏បានវិវត្តន៍កាន់តែទំនើបជាងមុនផងដែរ អាចប្រើប្រាស់បានយូរឆ្នាំ និងបើកបរបានកាន់តែឆ្ងាយជាងមុន ដែលកត្តាទាំងនេះនឹងធ្វើឲ្យរថយន្តពីស្តុងអាចនឹងបាត់មុខពីលើទីផ្សារបាន៕