ក្រុមហ៊ុន Kia បានធ្វើការបញ្ចេញម៉ូឌែលថ្មី Plug-in Hybrid GT-Line សម្រាប់ត្រកូល Sorento ឆ្នាំ២០២២ នៅលើទីផ្សារប្រទេសអូស្ត្រាលីជាផ្លូវការ។
សម្រាប់ម៉ូឌែលថ្មីនេះ ដំណើរការជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ១៧៧សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ៩០សេះ ដោយផលិតកម្លាំងសរុបបាន ២៦១សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ។
បន្ថែមពីនេះ រថយន្តនេះបំពាក់ជាមួយអាគុយលីចូម-អ៊ីយ៉ុងប៉ូលីមែរ ទំហំ ១៤គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតអោយរថយន្តនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤២ម៉ាយល៍ ឬ ៦៨គីឡូម៉ែត្រ និងឆ្នាំងសាកថ្ម Type 2 ដែលអាចសាកពីថាមពល ១៥ ទៅ ៩៥ភាគរយ ប្រើពេល ៣ម៉ោង និង២៥នាទីប៉ុណ្ណោះ។
លើទីផ្សារប្រទេសអូស្ត្រាលី Kia Sorento Plug-in Hybrid បំពាក់ជាមួយថាសកង់ទំហំ ១៩អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កុងទ័របង្ហាញទំហំ ១២,៣អ៊ីញ, កៅអីស្បែក, ប្រព័ន្ធសម្លេងប្រភេទ Bose ១២ចំណុច និងកាំម៉េរ៉ា ៣៦០ដឺក្រ។
រថយន្ត Kia Sorento Plug-in Hybrid GT-Line ឆ្នាំ ២០២២ មានតម្លៃចាប់ពី ៦០ ០០០ដុល្លារឡើងទៅ ខណៈវាមានតម្លៃថ្លៃជាងម៉ូឌែលម៉ាស៊ីនម៉ាស៊ូតចំនួន ១០ ៨០០ដុល្លារ៕