រថយន្ត Land Rover Defender ជំនាន់ថ្មីគឺមានបញ្ចូលនូវប្រភេទម៉ាស៊ីន Plug-in Hybrid មកជាមួយ ហើយវាត្រូវបានដាក់លក់នៅអឺរ៉ុបរយៈពេលមួយឆ្នាំមកហើយ ប៉ុន្តែមិនមានដាក់លក់នៅសហរដ្ឋអាមេរិកនោះទេ។
យ៉ាងណាក្ដី បើតាមការប្រទះឃើញរបស់សារព័ត៌មានរថយន្តអាមេរិក អាចបញ្ជាក់បានថារថយន្ត Defender PHEV នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកជាផ្លូវការ ក្រោយពីគេបានប្រទះឃើញព័ត៌មានអំពីរថយន្តនេះត្រូវបានបង្ហោះចូលវិបសាយរបស់ស្ថាប័ន NHTSA របស់អាមេរិក។
គួរដឹងថារថយន្ត Defender PHEV មានបំពាក់ដោយម៉ាស៊ីន Turbocharged ៤ស៊ីឡាំង ដូចដែលប្រើលើ Defender ធម្មតាដែរ ដែលម៉ាស៊ីននេះដំណើរការទន្ទឹមគ្នាជាមួយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៤១សេះ ធ្វើឲ្យកម្លាំងសរុបមានរហូតដល់ ៣៩៨សេះ។
Land Rover អះអាងផងដែរថា Defender PHEV មានសមត្ថភាពសន្សំសំចៃខ្ពស់ ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានរយៈចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ។ ទោះបីជាប្រភេទ Hybrid មែន ប៉ុន្តែ Defender PHEV ក៏មានសមត្ថភាពខ្លាំងក្នុងការបើកបរ Off-Road ដូចជា Defender ទូទៅផងដែរ៕