រដ្ឋាភិបាលឡាវ ពិចារណាអោយមន្ត្រីរបស់ខ្លួន ប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីបន្ថយការចំណាយ

យោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុឡាវ រដ្ឋាភិបាលឡាវបានពិភាក្សាអំពីការទិញរថយន្តអគ្គិសនី សម្រាប់មន្ត្រីជាន់ខ្ពស់ឡាវ ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយ។

ការពិភាក្សាដែលបានលើកឡើងរួមមាន ប្រវត្តិនៃរថយន្តអគ្គិសនី ប្រភេទរថយន្ត ម៉ាកយីហោ លក្ខណៈបច្ចេកទេស ចំនួនរថយន្តអគ្គិសនី និងដំណើរការបច្ចុប្បន្ននៃការដេញថ្លៃរថយន្តម៉ាស៊ីនចំហេះខាងក្នុងក៏ត្រូវបានពិចារណាផងដែរ។

នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានប្រាប់រដ្ឋសភាឡាវកាលពីខែសីហាថា ខ្លួននឹងកាត់បន្ថយការចំណាយលើរថយន្តរបស់រដ្ឋាភិបាល។ ខណៈពេលបច្ចុប្បន្ននេះ អង្គភាពនេះមានរថយន្តរាប់ពាន់គ្រឿង ហើយក្នុងពេលឆាប់ៗខាងមុខនេះ នាយករដ្ឋមន្ត្រីនឹងមានបទប្បញ្ញត្តិស្តីពីការប្រើប្រាស់យានជំនិះសាធារណៈ ដោយភ្នាក់ងាររដ្ឋាភិបាលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាក់ស្តែងខែតុលានេះ រដ្ឋាភិបាលឡាវបានចេញនូវគោលនយោបាយថ្មី ដើម្បីលើកទឹកចិត្តរថយន្តអគ្គិសនី ជាមួយក្តីសង្ឃឹមក្នុងការជួយកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័ន។ បច្ចុប្បន្ននេះ ប្រទេសនេះត្រូវបនានាំចូលប្រេងឥន្ធនៈយ៉ាងច្រើនជារៀងរាល់ឆ្នាំ ខណៈដែលក្នុងឆ្នាំ ២០១៦ វាមានជិត ២ ពាន់លានលីត្រ ដែលមានតម្លៃជាងមួយពាន់លានដុល្លារ។

រថយន្តអគ្គិសនីត្រូវបានគេរំពឹងថានឹងមានចំនួន ១ភាគរយ នៃយានយន្តទាំងអស់នៅក្នុងប្រទេសឡាវនៅចុងឆ្នាំ ២០២៥ និងច្រើនជាង ៣០ភាគរយ នៅចុងឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម