ក្រុមហ៊ុនផលិតរថយន្តចិន XPeng បានប្រើប្រាស់កម្មវិធី 1024 Tech Day របស់ខ្លួន ធ្វើការបង្ហាញចេញនូវគំរូរថយន្តហោះថ្មីរបស់ខ្លួន។ សម្រាប់រថយន្តហោះ ឬ Flying Car ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Xpeng’x Urban Air Mobility ដែលត្រូវបានគេស្គាល់ថា HT Aero ជាមួយផែនការនៃការបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២៤។
ក្រុមហ៊ុនពុំទាន់ធ្វើការបង្ហាញព័ត៌មានលម្អិតនៃរថយន្តនេះឡើយ ប៉ុន្តែបាននិយាយថាវាត្រូវបានផលិតឡើងជាមួយមុខងារសុវត្តិភាពពិសេសជាច្រើន ក៏ដូចជាមានការរចនាទម្ងន់ស្រាល និងមានស្លាបចក្រអាចបត់ពង្រីកពង្រួម ដែលអាចអនុញ្ញាតអោយរថយន្តអាចបើកបរលើផ្លូវបាន ហើយហោះឡើងនៅពេលស្លាបចក្រត្រូវបានពង្រីកចេញក្រៅ។
រីឯការរចនាម៉ូដ វាមើលទៅដូចជារថយន្ត Supercar នាពេលអនាគត ដោយសារវាមានការឌីស្សាញបែប Aerodynamic និងកង់ខាងក្រោយត្រូវបានលាក់ដោយតួរនៃរថយន្ត។ បន្ថែមពីនេះ ផ្នែកខាងក្នុងបំពាក់ជាមួយបច្ចេកវិទ្យាយ៉ាងទំនើប ជាមួយអេក្រង់កម្សាន្ត និងកុងទ័រឌីជីផលភ្លោះដែលមានប្រវែងវែង និងថ្លាដូចកញ្ចក់ រួមជាមួយដៃចង្កូតសម្រាប់គ្រប់គ្រងការហោះហើរនៅចំកណ្តាលផងដែរ។
ក្នុងកម្មវិធីនេះផងដែរ Xpeng ក៏បានធ្វើការបញ្ចេញឧបរកណ៍សាកភ្លើងរថយន្តអគ្គសនីថ្មី, គំរូ Robotic Pony និងផែនកានៃការដាក់អោយដំណើរការបច្ចេកវិទ្យាជំនួយការបើកបរ Xpilot 3.5 របស់ខ្លួននាដើមឆ្នាំក្រោយផងដែរ៕