ទីបំផុត! SUV ប្រណិតរថយន្ត Range Rover សេរ៊ីថ្មី ២០២២ ចេញជាផ្លូវការ | REVIEW+

(REVIEW+) កាលពីយប់មិញកន្លងទៅ ក្រុមហ៊ុន Land Rover បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្ត SUV ប្រណិតរបស់ខ្លួនជំនាន់ទី ៥ថ្មី គឺ Range Rover ឆ្នាំ២០២២ ជាមួយអាប់ដេតថ្មីទៅលើរូបរាងខាងក្រៅ និងខាងក្នុងកាន់តែទំនើប ព្រមទាំងបន្ថែមជាមួយជម្រើសម៉ាស៊ីនថ្មី។

ផ្នែកខាងក្រៅ៖ ដូចបងប្អូនបានឃើញជាក់ស្តែង វានៅតែរក្សាអត្តសញ្ញាណនៃរូបរាងរបស់ខ្លួនដូចម៉ូឌែលកន្លងទៅ ប៉ុន្តែវាទទួលបានការឌីស្សាញថ្មីទៅលើចង្កៀងមុខ, សំណាញ់ប៉ាណា, រន្ធខ្យល់ប្រវែងវែង និងបំពាក់ជាមួយថាសកង់ទំហំ ២៣អ៊ីញ។ ចូលទៅកាន់ផ្នែកខាងក្រោយវាបានផ្លាស់ប្តូរថ្មីជាមួយចង្កៀងបញ្ឈថ្មី ដែលមានរូបរាងស្លីម ខុសពីម៉ូឌែលកន្លង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុង៖ សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត វាទទួលបានការឌីស្សាញកាន់តែប្រណិត និងផាសុកភាព ជាក់ស្តែងវាបានបំពាក់ថ្មីជាមួយដៃចង្កូតឌីស្សាញថ្មី, កៅអីស្បែកប្រណិតដែលមានមុខងារម៉ាស្សាចំនួន ២៤បែប, កុងទ័រឌីជីថលទំហំ ១៣,៧អ៊ីញ, អេក្រង់កម្សាន្ត Pivo Pro ទំហំ ១៣,១អ៊ីញ និងប្រព័ន្ធតន្ត្រីដ៏ទំនើបម៉ាក Meridian signature ទំហំ ១ ៦០០វ៉ាត់ ចំនួន ៣៥ចំណុច។ នឹងកាន់តែពិសេសជាមួយផ្នែកខាងក្រោយដោយបានបំបាក់ជាមួយអេក្រង់​Touchscreen ទំហំ​ ១១,៤អ៊ីញចំនួនពីរ ដែលភ្ជាប់ជាមួយមុខងារ Amazon Alexa Voice AI និងមុខងារកាត់បន្ថយសម្លេងពីផ្នែកខាងក្រៅ និង Console កណ្តាល​បានភ្ជាប់មកជាមួយអេក្រង់ ​Touchscreen ទំហំ ៨អ៊ីញផងដែរ។

ប្រព័ន្ធជើងក្រោម៖ ជាមួយគ្នានេះដែររថយន្ត Range Rover ឆ្នាំ២០២២ ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មី MLA-Flex របស់ក្រុមហ៊ុន Land Rover។ ដោយបានបំពាក់ជាមួយ Adaptive air suspension ក្នុងការគ្រប់គ្រងលើប្រព័ន្ធបូម ជាមួយ Five-link rear axle ផ្គួបជាមួយ Electronic roll Control ៤៨វ៉ុល រួមជាមួយដៃឃ្លោងប្រភេទអេឡិចត្រូនិចថ្មីក្នុងការជួយអោយការបើកបរមានស្ថេរភាព បន្ថែមជាមួយប្រព័ន្ធចង្កូតអាចវិលកង់ទាំងបួន ដោយកង់ក្រោយបង្វិលបាន ៧ដឺក្រ និងបត់ជាគន្លងរង្វង់ចម្ងាយ ១១ម៉ែត្រនៅពេលបើកបរល្បឿនលឿនផងដែរ។

ថាមពលម៉ាស៊ីន៖ រថយន្ត SUV ប្រណិតនេះផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទគឺម៉ាស៊ីនប្រភេទ Mild-hybrid ចំណុះ ៣,០លីត្រ Turbocharged Inline6 អាចផលិតកម្លាំងបាន ៣៩៥សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនចំណុះ ៤,៤លីត្រ Turbocharged V8 អាចផលិតកម្លាំងបាន ៥២៣សេះ និងកម្លាំងរមួល ៧៤៩ញ៉ូតុនម៉ែត្រ។ខណៈជម្រើសម៉ាស៊ីនថ្មី Plug-in Hybrid នឹងធ្វើការបង្ហាញខ្លួននៅឆ្នាំ ២០២៣។

តម្លៃ៖ សម្រាប់ទីផ្សារសហរដ្ឋអាមេរិចក្រុមហ៊ុន Land Rover បានផ្តល់នូវជម្រើសតួរខ្លួនចំនួន ២ប្រភេទ SWB និង LWB បន្ថែមជាមួយជម្រើសម៉ូឌែលចំនួន ៤គឺ៖

  • ប្រភេទ P400 SE មានតម្លៃចាប់ពី ១០៤ ០០០ដុល្លារ
  • ប្រភេទ P530 SE មានតម្លៃចាប់ពី ១១៨ ៧០០ដុល្លារ
  • ប្រភេទ P530 Autobiography មានតម្លៃចាប់ពី ១៥២ ០០០ដុល្លារ
  • និងប្រភេទ P530 First Edition មានតម្លៃចាប់ពី ១៥៨ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម