ក្រុមហ៊ុន BMW បានបង្ហាញចេញនូវគំរូរថយន្តប្រភេទ SUV សមត្ថភាពដ៏ខ្លាំងរបស់ខ្លួនដែលអោយឈ្មោះថា XM ដែលជា SUV ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ។
ក្រុមហ៊ុន BMW ពុំទាន់បង្ហាញចេញនូវព័ត៌មានជាក់លាក់នៃថាមពលម៉ាស៊ីនរបស់គំរូរថយន្តនេះនៅឡើយ ប៉ុន្តែយោងតាមការចុះផ្សាយ បានបង្ហាញថារថយន្ត XM នឹងដំណើរការដោយម៉ាស៊ីនកូនកាត់ Plug-in Hybrid ដែលនឹងធ្វើការរួមបញ្ចូលគ្នាជាមួយនឹងម៉ាស៊ីនសាំង Twin-Turbo V8 និងម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ៧៥០ សេះ និងកម្លាំងរមួល ៩៩៩ ញ៉ូតុនម៉ែត្រ។ តាមការអះអាងពីក្រុមហ៊ុន BMW រថយន្តនេះអាចបើកបរបានចម្ងាយ ៥០គីឡូម៉ែត្រនៅពេលប្រើអគ្គិសនីសុទ្ធ បើតាមតេស្ត WLTP ស្តង់ដា។
ចំពោះការឌីហ្សាញខាងក្រៅនៃរថយន្ត BMW XM គឺមានភាពទាក់ទាញជាមួយនឹងប៉ាណាទំហំធំចំនួនពីរ អមសងខាងដោយចង្កៀង DRL រាងស្លីមប្រភេទ LED ចំនួនមួយគូរ។ បន្ថែមជាមួយថាសកង់ ១៤ប្រឡោះ មានទំហំ ២៣អ៊ីញ និងអំពូលខាងក្រោយប្រភេទ LED រចនាជាខ្សែបន្ទាត់ រួមជាមួយឡូហ្គូនៅខាងលើចំនួន ១គូរផងដែរ។
រីឯផ្នែកខាងក្នុងវាត្រូវបានទទួលការរចនាលាយបញ្ចូលគ្នាតាមគំរូរថយន្ត និងរថយន្តរបស់ BMW ផ្សេងទៀត ប៉ុន្តែវានៅតែផ្តោតសំខាន់ទៅលើភាពទំនើបបែបប្រពែណី ដោយផ្តោតសំខាន់ទៅលើអតិថិជនរបស់ BMW M។
គួរបញ្ជាក់ផងដែរថា ផលិតកម្មសម្រេចនៃរថយន្ត BMW XM ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅជិតចុងឆ្នាំ២០២២ រួមជាមួយការបង្ហាញចេញតម្លៃផ្លូវការ ដែលអាចមានតម្លៃលើសពី ១៥០ ០០០ដុល្លារផងដែរ៕