រថយន្ត McLaren Speedtail បានលេចមុខកាលពីឆ្នាំទៅ ដែលមានផលិតត្រឹម ១០៦ គ្រឿង ហើយការដឹកជញ្ជូនឲ្យអតិថិជនរំពឹងថានឹងផ្ដើមពីឆ្នាំក្រោយទៅ។
រថយន្តនេះត្រូវបានក្រុមហ៊ុនកំណត់តម្លៃលក់ប្រមាណ ២,២ លានដុល្លារ ប៉ុន្តែមុនការប្រកាសចេញជាផ្លូវការ ម៉ូដែល Speedtail នេះ ត្រូវបានគេទិញយកអស់បាត់ទៅហើយ។ ប៉ុន្តែប្រសិនបើមានប្រមាណ ៥,៥ លានដុល្លារពេលនេះ អ្នកអាចមានឈ្មោះក្នុងចំណោមអតិថិជនទាំង ១០៦ នាក់បាន។
ហាងលក់រថយន្តនៅឌុយបៃ The Mobile បានដាក់លក់សិទ្ធជាម្ចាស់រថយន្តនេះក្នុងតម្លៃ ៥,៥ លានដុល្លារ ដែលវាខ្ពស់ជាងតម្លៃដើមជាង ២ ដងឯណោះ។ ដំណើរការនៃការផ្ទេរកម្មសិទ្ធិនេះគឺត្រូវឆ្លងកាត់មេធាវី និងត្រូវឆែកព័ត៌មានលម្អិតជាមួយ McLaren ផ្ទាល់។
រថយន្ត Speedtail គឺមានល្បឿនអតិបរមា ៤០៣ គ.ម/ម៉ អាចស្ទុះពី ០ ដល់ ៣០០ គ.ម/ម៉ ដោយប្រើពេលត្រឹម ១២,៨ វិនាទី។ វាទទួលបានកម្លាំងពីប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានម៉ាស៊ីនចំណុះ ៤,០ លីត្រ ប្រភេទ Twin-Turbo គួបផ្សំនឹងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងសរុបបាន ១០៣៥ សេះ៕