ក្រុមហ៊ុន Kia បានបង្ហាញចេញនូវរថយន្ត Carens ស៊េរីឆ្នាំ២០២២ ដែលជារថយន្ត SUV កៅអី ៣ជួរ សម្រាប់ទីផ្សារប្រទេសឥណ្ឌាជាផ្លូវការ។
រថយន្ត Kia Carens ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Seltos ដោយមានប្រវែងសរុប ៤៥៤០មម, ទទឹង ១៨០០មម, កម្ពស់ ១៧០០មម និងមានគម្លាតពីកង់មុខទៅកង់ក្រោយ ២៧៨០មម ប៉ុន្តែវាមានទំហំធំជាងរថយន្ត Seltos។ សម្រាប់ការឌីហ្សាញ វាទទួលបាននូវអត្តសញ្ញាណស្រដៀងគ្នានឹងរថយន្ត Minivan របស់ Kia និងភាសារនៃការឌីស្សាញរបស់ Kia ឈ្មោះថា “Opposites United” ។ វាបានបំពាក់នូវចង្កៀងមុខ LED ព្រមទាំងថាសកង់ទំហំ ១៦អ៊ីញ។
ផ្នែកខាងក្នុងរថយន្តពិតជាទំនើបសម្រាប់ដោយផ្ទៃតាប្លូពង្រីកពេញឆ្ពោះទៅរកទ្វាររថយន្តទាំងសងខាង ដោយភ្ជាប់មកជាមួយ កង់ទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត ភ្ជាប់ជាមួយនឹងមុខងារ Kia Connect information ប្រភេទ Touch screen ទំហំ ១០,២៥អ៊ីញ។ បន្ថែមពីនេះវាកំបានភ្ជាប់ប្រព័ន្ធបំពងសំលេងដ៏ទំនើបម៉ាក Bose ចំនួន ៨ចំណុច, ដំបូលបើក, Multi Drive Modes (Sport/Eco/Normal) រួមទាំងប្រព័ន្ធបន្សុទ្ធខ្យល់របស់ Kia សម្រាប់ការការពារពីមេរោគ និងបាក់តេរីផងដែរ។
នៅកៅអីទី៣ វាក៏បានភ្ជាប់មកជាមួយមុខងារ “One Touch Easy Electric Tumble” ដើម្បីងាយស្រួលចេញចូល ហើយជួរទីពីរ ភ្ជាប់មកជាមួយកន្លែងដាក់កែវទឹកត្រជាក់, រន្ធសាកថ្ម AC សម្រាប់ជួរទាំងអស់, រន្ធ USB-C ចំនួន៥ និងវាំងននការពារពន្លឺថ្ងៃទ្វារក្រោយ។
សម្រាប់រថយន្ត Kia Carens ប្រើបប្រាស់ជម្រើសម៉ាស៊ីនសាំង ១,៥ លីត្រ ផលិតកម្លាំង ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ និងជម្រើសម៉ាស៊ីន Turbocharged ១,៤ លីត្រ ផលិតកម្លាំង ១៤០ សេះ និងកម្លាំងរមួល ២៤២ ញ៉ូវតុនម៉ែត្រ។ បន្ថែមពីនេះវាក៏ជាជម្រើសម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ផលិតកម្លាំង ១១៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូវតុនម៉ែត្រ ផងដែរ។
ចំពោះប្រព័ន្ធសុត្ថិភាពរបស់ Kia Carens មានស្តង់ដារជាមួយនឹងកញ្ចប់សុវត្ថិភាព Hi-Secure ដែលរួមមានពោងសុវត្ថិភាពចំនួន ៦, ប្រព័ន្ធជួយទប់រថយន្តមិនអោយរំកិលថយក្រោយពេលទ្បើងចំណាត, ប្រព័ន្ធហ្វាំ្រ ECS និង ប្រព័ន្ធការពារមិនអោយជាប់ហ្វាំ្រ ABS និង ប្រព័ន្ធជំនួយពេលទ្បើងចំណាតផងដែរ ៕