Huawei ប្រកាសចេញគូរប្រជែង Tesla Model Y បំពាក់ជាមួយប្រព័ន្ធប្រតិបត្តការ Harmony OS និងអាចបើកបរបានចម្ងាយជាង ១ពាន់គីឡូម៉ែត្រ

ត្រលប់ទៅខែកុម្ភៈ មានព័ត៌មានជាច្រើនបានបង្ហាញអំពីផែនការរបស់ក្រុមហ៊ុន Huawei ក្នុងការផលិតរថយន្តអគ្គិសនី ហើយត្រឹមខែមេសា Huawei ក៏បានគោរពសន្យា ដោយបានបង្ហាញចេញនូវរថយន្តអគ្គិសនី SF5 ដែលជារថយន្តដែលសហការផលិតឡើងរវាង Cyrus ។

ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានប្រកាសបង្ហាញចេញនូវរថយន្តថ្មីបន្ថែម ដែលនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួន នោះគឺរថយន្ត Aito M5។ ជាមួយគោលដៅនៃរថយន្ត Aito M5 គឺត្រូវយកឈ្នះរថយន្ត Tesla Model Y ក្លាយជារថយន្តអគ្គិសនីដ៏ពេញនិយមនៅលើទីផ្សារប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់តួរនាទីរបស់ Huawei ទៅលើរថយន្ត M5 គឺផ្តល់នូវប្រព័ន្ធប្រតិបត្តការកម្សាន្ត ដោយប្រព័ន្ធប្រតិបត្តការ Harmony OS បានរួមបញ្ជូលយ៉ាងពេញលេញជាមួយផលិតផលរបស់ក្រុមហ៊ុន Huawei ហើយអតិថិជនក៏អាចប្រើនាឡិកាឆ្លាតវៃរបស់ខ្លួនអាចបញ្ឆេះរថយន្តបានផងដែរ។

M5 គឺជារថយន្តដំបូងគេដែលដាក់ឈ្មោះ Aito ដែលតំណាងឱ្យ “បន្ថែមភាពវៃឆ្លាតទៅកាន់រថយន្ត”។ សម្រាប់ការដឹកជញ្ជូន M5 ដំបូងគ្រោងនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ហើយមានតម្លៃចាប់ពី ៣៩ ០០០ដុល្លារ ដោយថោកជាង Tesla Model Y ជិត ៥ពាន់ដុល្លារ។

រថយន្ត M5 ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី ដែលអាចផលិតកម្លាំងសរុបបាន ៤៩០សេះ និងកម្លាំងរមួល ៦៧៥ញ៉ូតុនម៉ែត្រ។ វាមានកម្រិតស៊ីសាំង ០,៨លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ព្រមទាំងអាចបើកបរបានចម្ងាយរហូតដល់ ១ ២៤២គីឡូម៉ែត្រនៅពេលសាកថ្ម និងចាក់សាំងពេញម្តង នេះបើយោងតាមការធ្វើតេស្តនៅលើ WLTC។

សម្រាប់ក្រុមហ៊ុន Aito គឺស្ថិតនៅក្រោមយីហោ Seres ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Silicon Valley នៃក្រុមហ៊ុនផលិតរថយន្ត Sokon ដែលមានទីស្នាក់ការនៅទីក្រុង Chongqing ។ ក្រុមហ៊ុន Huawei ជឿជាក់ថាការប្រែក្លាយរថយន្ត ទៅជាឧបករណ៍ឆ្លាតវៃស្រដៀងនឹងទូរស័ព្ទ គឺជាអនាគត ប្រព័ន្ធ HarmonyOS កើតចេញពីភាពចាំបាច់ចាប់តាំងពី Google បានហាមឃាត់ក្រុមហ៊ុនពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម