ទ្បានអគ្គិសនីទី ១ របស់ Toyota bZ4X ត្រៀមបង្ហាញខ្លួននៅប្រទេសថៃនៅឆ្នាំ ២០២២នេះ

[ទីផ្សារបរទេស]  ក្រុមហ៊ុន Toyota បានប្រកាសពីត្រៀមបង្ហាញចេញនៃរថយន្តអគ្គិសនី Toyota bZ4X នៅលើទីផ្សារក្នុងប្រទេសថៃនៅឆ្នាំ ២០២២ ស្របពេលដែលជំរុញឱ្យប្រទេសថៃក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់ការដំឡើងរថយន្តអគ្គិសនីជាច្រើននាពេលអនាគត។

លោក Noriaki Yamashita ប្រធានក្រុមហ៊ុន Toyota Motor Thailand Co., Ltd បានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មាននៃស្ថិតិការលក់រថយន្តឆ្នាំ ២០២១ ដោយបញ្ជាក់ថា “សម្រាប់ម៉ាកយីហោ Toyota យើងគ្រោងនឹងណែនាំ bZ4X ដែលជារថយន្តអគ្គិសនីដំបូងគេនៃស៊េរី bZ ទៅកាន់ទីផ្សារនៅចុងឆ្នាំនេះ។ លើសពីនេះទៅទៀត លោកនឹង​ព្យាយាម​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ផ្នែក​ផលិត​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​ច្រើន​ឡើង ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ថៃ​ក្លាយជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​សំខាន់​សម្រាប់​ការ​ដំឡើង​រថយន្ត​អគ្គិសនី​ផ្សេងៗ​នា​ពេល​អនាគត​​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តអគ្គិសនី bZ4X ត្រូវបានរំពឹងថានឹងចាប់ផ្តើមសង្វាក់ផលិតកម្មដំបូងនៅក្នុងប្រទេសជប៉ុន នៅពាក់កណ្តាលឆ្នាំ២០២២ ជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី e-TNGA និងប្រភេទប៉ុងមួយ និងប៉ុងពីរ។

រថយន្ត bZ4X ប្រភេទ FWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយនៅផ្នែកខាងមុខ ដែលអាចផលិតកម្លាំងបាន ២១៥សេះ និងអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៨,៤វិនាទី។ រីឯប្រភេទ AWD ដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះមួយ ដែលអាចផលិតកម្លាំងបាន ២០១សេះ និងអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៧,៧វិនាទី។

ជាមួយថាមពលទាំងនេះ វាទទួលបានពីអាគុយលីដ្យូមទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលអាចជួយអោយវាបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ សម្រាប់ប្រភេទ FWD និងចម្ងាយ ៤៦០គីឡូម៉ែត្រសម្រាប់ប្រភេទ AWD នៅពេលសាកភ្លើងពេញម្តង។ បន្ថែមពីនេះ វាក៏គាំទ្រនូវការសាកថ្មល្បឿនលឿន ដែលមានដុំសាក AC កម្លាំង ៦,៦គីឡូវ៉ាត់ និង DC កម្លាំង ១៥០គីឡូវ៉ាត់ ជួយអោយការសាកថ្មកើនដល់ចំនួន ៨០ភាគរយ ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

លើសពីនេះ ក្រុមហ៊ុន Toyota ក៏បានអះអាងថាអាគុយរថយន្តនៅតែអាចកាន់ថាមពលបាន ៩០ភាគរយ បន្ទាប់ពីបានប្រើប្រាស់ រយៈពេល ១០ឆ្នាំ ឬចម្ងាយ ២៤០ ០០០គីឡូម៉ែត្រហើយ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Toyota បានប្រកាសពីយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ជាមួយនឹងផែនការផលិតរថយន្តអគ្គិសនីពីថ្មទាំង ៣០ នៅឆ្នាំ ២០៣០ រួមទាំងម៉ូឌែល bZ ចំនួន ៥ ជាមួយនឹងទម្រង់ថ្មីមួយដែលត្រូវបានបង្កើតឡើងសម្រាប់តែរថយន្តអគ្គិសនីប៉ុណ្ណោះ។ បន្ថែមពីនេះវាមានគោលបំណងលក់រថយន្តអគ្គិសនីជាង ចំនួន ៣,៥ លានគ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ឬប្រហែល ៨ ឆ្នាំចាប់ពីពេលនេះ៕

 ប្រភព៖ sanook 

ផ្ទាំងផ្សាយពាណិជ្ជកម្ម