Nissan នឹងបញ្ឈប់ការអភិវឌ្ឍន៍ម៉ាស៊ីនសាំងថ្មីមួយភាគធំ

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan Motor Co គ្រោងនឹងបញ្ឈប់ការផលិតម៉ាស៊ីនចំហេះខាងក្នុងថ្មីនៅក្នុងទីផ្សារសំខាន់ៗទាំងអស់របស់ខ្លួន លើកលែងតែសហរដ្ឋអាមេរិក ហើយផ្តោតលើការផលិតរថយន្តអគ្គិសនីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ នឹងបន្តការអភិវឌ្ឍន៍មានកម្រិតទៅលើម៉ាស៊ីនសាំងរបស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយភាគច្រើនសម្រាប់រថយន្តភីកអាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់ Reuters ដើម្បី​សុំ​ការ​អត្ថាធិប្បាយនោះ​ទេ។

សារព័ត៌មាន Nikkei របស់ជប៉ុន បានរាយការណ៍កាលពីខែធ្នូថា ក្រុមហ៊ុន Nissan មានគម្រោងសាងសង់រោងចក្រកែច្នៃអាគុយថ្មីនៅសហរដ្ឋអាមេរិក និងអឺរ៉ុប នៅចុងឆ្នាំសារពើពន្ធ ២០២៥។

សូមបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន General Motors និង Ford Motor Co បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីផ្លាស់ប្តូរត្រកូលរថយន្តរបស់ពួកគេទៅជារថយន្តអគ្គិសនីវិញ៕

ប្រភព ៖ channelnewsasia

ផ្ទាំងផ្សាយពាណិជ្ជកម្ម