មេរបស់ Ram Truck ទម្លាយពីចំណុចពិសេសមួយលើឡានភីកអាប់អគ្គិសនី Ram

[ទីផ្សារបរទេស] កន្លងមកក្រុមហ៊ុន Ram Truck បានធ្វើការអះអាងខ្លាំងអំពីរថយន្តភីកអាប់ 1500 ប្រភេទអគ្គិសនី ដែលនឹងប្រកាសចេញនាឆ្នាំ២០២៤ ដោយថាវានឹងមានសមត្ថភាពខ្លាំងដល់ថ្នាក់អាចវ៉ាដាច់គូប្រជែងដូចជា Ford F-150 Lightning និង Chevrolet Silverado EV ជាដើម។

នៅសប្ដាហ៍នេះដែរនាយកប្រតិបត្តិរបស់ Ram Truck បានបង្ហាញអំពី​អាថ៌កំបាំងពិសេសមួយនៃរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន ដែលចំណុចមួយនេះអាចឲ្យវាយកឈ្នះគូប្រជែង រួមទាំងមានភាពខុសប្លែកពីគូប្រជែងថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលនិយាយជាមួយ EV Pulse លោក Mike Koval Jr. ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថារថយន្ត 1500 ប្រភេទអគ្គិសនីមិនត្រឹមតែវ៉ាដាច់គូប្រជែង ប៉ុន្តែវាអាចនឹងមានមកជាមួយនូវប្រភេទ Range-Extender ដែលមានសមត្ថភាពអស្ចារ្យ។

ប្រភេទ Range-Extender នេះហើយ ដែលអាចជាចំណុចធ្វើឲ្យវាខុសប្លែកពីគូប្រជែងដទៃទៀត ដោយសារវានឹងអាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយខ្លាំង។ រថយន្តអគ្គិសនីដែលមាន Range-Extender នេះជាទូទៅគឺមានម៉ាស៊ីនដើរដោយប្រេងឥន្ធនៈដែលដើរតួជា Generator ក្នុងការសាកថាមពលដល់អាគុយរថយន្ត។

លោក Mike Koval Jr. មិនបាននិយាយអ្វីច្រើនឡើយអំពីប្រភេទ Range-Extender នេះ ប៉ុន្តែវាច្បាស់ជាជួយធ្វើឲ្យរថយន្តអគ្គិសនី 1500 កាន់តែបើកបរបានឆ្ងាយ។

រថយន្ត Ram 1500 ប្រភេទអគ្គិសនីរំពឹងថានឹងសាងសង់លើគ្រោងឆ្អឹងថ្មី STLA។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Stellantis កាលពីខែកក្កដាឆ្នាំ២០២១។ រថយន្តនេះទំនងជាបំពាក់អាគុយចំណុះ ១៥៩ ទៅ ២០០kWh ដែលអាចបើកបរបានចម្ងាយដល់ ៨០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម