Volvo រកប្រាក់ចំណូល និងលុយចំណេញ បានច្រើនមិនធ្លាប់មានកាលឆ្នាំ២០២១

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volvo បានរាយការណ៍ថាឆ្នាំ២០២១ បានក្លាយជាឆ្នាំដែលខ្លួន​អាចរកប្រាក់ចំណូល និងប្រាក់ចំណេញបានខ្ពស់ជាងគេ ទោះបី​ជា​ទទួលរងនូវវិបត្តិខ្វះខាតឈីបសកលក៏ដោយក្ដី។

ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណេូលប្រមាណ ៣០,២ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១ ដែលមានការកើនឡើងពីប្រាក់ចំណូល ២៨,២ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ខណៈដែលប្រាក់ចំណេញបាន​កើនឡើងចំនួនប្រមាណ ១,២៧ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុនការចាកចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុននៅខែមីនាខាងមុខនេះ លោក Håkan Samuelsson បានមានប្រសាសន៍ថា ៖ “២០២១គឺជាឆ្នាំដែល​គួរតែមាន​មោទនភាពសម្រាប់ Volvo Cars។ ទោះបី​ជា​មាន​បញ្ហា​ខ្វះខាតគ្រឿងបន្លាស់ក្នុងឧស្សាហកម្មយានយន្ត យើងអាចបង្កើនទំហំទីផ្សារសកល និងទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មាន។”

កាលពីឆ្នាំកន្លងទៅនេះ Volvo Cars អាចលក់រថយន្តចេញបានសរុប ៦៩៨ ៦៩៣គ្រឿង ដែលកើនឡើង ៥,៦% ធៀបនឹងឆ្នាំ២០២០ ដោយរថយន្តពេញនិយមជាងគេគឺ XC60 អាចលក់ចេញបាន ២១៥ ៦៣៥គ្រឿង និងបន្តបន្ទាប់ទៀតគឺរថយន្ត XC40 និង XC90។

ដោយឡែករថយន្ត S60 និង S90 បានបន្តធ្លាក់ចុះចំនួនលក់ ដោយរថយន្តទាំងពីរបូកបញ្ចូលគ្នាលក់មិនបានដល់ ១០ម៉ឺនគ្រឿងផង ហើយរថយន្ត V60 និង V90 សរុបចូលគ្នាលក់ចេញបាន ៧៦ ៦០០គ្រឿង។

នៅអំឡុងឆ្នាំ២០២២នេះ Volvo នឹងបង្កើនការផលិតរថយន្តអគ្គិសនីសុទ្ធដល់ ១៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ ហើយរំពឹងថា​ការលក់រថយន្តអគ្គិសនីឆ្នាំនេះ នឹងមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម