នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Vietnam Motor Show ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅទីក្រុងហូជីមិញ ក្រុមហ៊ុនជប៉ុន Lexus បានបង្ហាញចេញរថយន្តថ្មីចំនួន ៣ ម៉ូដែលក្នុងនោះមាន Concept LF-1 Limitless, GX 460 និង RX 450h ដែលជា SUV ដ៏ល្បី។
និយាយអំពី RX 450h គឺជាស៊េរីឆ្នាំ ២០២០ ដែលវាមានការផ្លាស់ប្ដូរបន្តិចបន្តួចលើការឌីហ្សាញ និងមានបច្ចេកវិទ្យាថ្មីៗលើសពីស៊េរីមុន។ អំពូលភ្លើងខាងមុខហាក់មានរាងស្លីមជាងមុន ហើយរន្ធខ្យល់បានប្ដូររចនាបថថ្មីផងដែរ។ ចំណែកផ្នែកខាងក្នុងរបស់ RX 450h ឆ្នាំ ២០២០ មិនមានការផ្លាស់ប្ដូរនោះឡើយ។
ចំពោះប្រព័ន្ធម៉ាស៊ីនវិញ Lexus RX 450h នៅតែបំពាក់ប្រព័ន្ធម៉ាស៊ីន Hybrid ដែលប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបាន ៣០៨ សេះ ដូចស៊េរីមុនដែរ។
សម្រាប់តម្លៃរបស់ Lexus RX 450h ស៊េរីឆ្នាំ ២០២០ នេះ ក្រុមហ៊ុនមិនបានបង្ហាញចេញនៅឡើយទេ។ គួរដឹងថានៅសហរដ្ឋអាមេរិករថយន្តប្រភេទនេះមានតម្លៃ ៤៧ ៦៥០ ដុល្លារ៕