[ទីផ្សារបរទេស] ថ្មីៗនេះកន្លងទៅ តាមរបាយការណ៍មួយបានបែកធ្លាយពី Toyota “New York Region 2022 Sales Plan” នៅលើ YouTube ដោយអ្នកប្រើប្រាស់ Driven District បង្ហាញពីការដាក់ចេញលក់របស់រថយន្ត Crown ថ្មី និង Corolla CROSS HYBRID នៅសហរដ្ឋអាមេរិក ដែលទំនងជាមកដល់នៅខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
របាយការណ៍អំពី Toyota បានដាក់ពាក្យស្នើសុំពាណិជ្ជសញ្ញាសម្រាប់ឈ្មោះ “Crown” ជាមួយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិកបានលេចចេញកាលពីនិទាឃរដូវឆ្នាំមុន។ ឥឡូវនេះ វាហាក់បីដូចជារថយន្ត Crown នឹងបង្ហាញខ្លួនជាលើកដំបូងឆាប់ៗនេះ ប្រសិនបើរថយន្តនេះត្រូវបានលក់នៅឆ្នាំនេះ។
ទន្ទឹមនឹងនេះ Crown ត្រូវបានគេប្រើប្រាស់ជាឈ្មោះដ៏ល្បីនៅក្នុងប្រទេសជប៉ុន ដែលជាកន្លែងដែលត្រូវបានលក់ជារថយន្តប្រណិតលំដាប់ដែលរួមជាមួយ Toyota Mirai, Lexus LC និង Lexus LS ។ ក្នុងនោះ ក្រុមហ៊ុន Toyota គ្រោងនឹងបន្តប្រើប្រាស់ឈ្មោះ Crown នៅសហរដ្ឋអាមេរិកផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ សម្រាប់ទីផ្សារអ៊ឺរ៉ុប Corolla Cross Hybrid ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី១ដែលរួមគ្នាផលិតកម្លាំងបាន ១៩៧ សេះ ច្រើនជាងម៉ូដែល non-Hybrid របស់អាមេរិក ២៨ សេះ៕