ឡានអគ្គិសនី Cadillac Lyriq នឹងចាប់ផ្ដើមផលិតពេញលេញនៅអំឡុងចុងខែនេះ

[ទីផ្សារបរទេស] កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ ប្រតិបត្តិការនៃការផលិតរថយន្ត Cadillac Lyriq អាចសម្រេចបានប្រមាណ ៨០% ហើយបើតាមដំណឹងរាយការណ៍ចុងក្រោយ ការផលិតនៃរថយន្តនេះនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី២១ ខែមីនានេះ។

ដំណឹងនៃកាលបរិច្ឆេទចាប់ផ្ដើមការផលិតនេះគឺផ្អែកតាមវិបសាយ Cadillac Society ហើយអ្នក​នាំពាក្យរបស់ Cadillac ផ្ទាល់​ក៏​បាន​បង្ហើបឲ្យដឹងថាការផែនការនៃការចាប់ផ្ដើមការផលិតគឺគ្រោងនឹងចាប់ផ្ដើមនៅអំឡុងចុងខែនេះ គឺទៅតាមផែនការកំណត់ ប៉ុន្តែមិនបានបញ្ជាក់ថ្ងៃច្បាស់លាស់ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac Lyriq ត្រូវបានគេមើលឃើញថាជារថយន្តដែលផ្លាស់ប្ដូរពី Concept ទៅជារថយន្តពេញលេញរហ័សបំផុត ដោយគេបានឃើញ Concept នៃរថយន្តនេះកាលពីខែសីហា ឆ្នាំ២០២០ តាមពីក្រោយដោយរថយន្តពិតដែលបង្ហាញចេញនៅខែមេសា ឆ្នាំ២០២១។ ការកុម្ម៉ង់រថយន្តនេះសម្រាប់ទីផ្សារបរទេស បានបើកទទួលកាលពីខែកញ្ញាឆ្នាំ២០២១ ដោយរថយន្តប្រភេទ Debut Edition ទទួលបានការកុម្ម៉ង់អស់គ្មានសល់ក្នុងពេលត្រឹម ១០នាទី។

រថយន្ត Lyriq នឹងចេញលក់ជាមួយម៉ូទ័រអគ្គិសនីមួយ និងប្រព័ន្ធបើកបរវិលកង់ក្រោយ ដែលមានអាគុយចំណុះ ១០០kWh អាចផលិតកម្លាំងបាន ២៥៤សេះ និងអាចបើកបរបានចម្ងាយប្រមាណ ៤៨២គីឡូម៉ែត្រ។ សម្រាប់ការសាកភ្លើងពេញ រថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបាន ៣២១គីឡូម៉ែត្រ សម្រាប់ការសាកប្រហែលកន្លះម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម