នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ លោកជំទាវវេជ្ជបណ្ដិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ២០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល (CMS)។
សម្រាប់មន្ទីរសុខាភិបាល និងឃ្លាំងឱសថនៅរាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន ៖
១. មន្ទីរសុខាភិបាលរាជធានីភ្នំពេញ
២. មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ
៣. មន្ទីរសុខាភិបាលខេត្តបាត់ដំបង
៤. មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥. មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៦. មន្ទីរសុខាភិបាលខេត្តកំពង់ធំ
៧. មន្ទីរសុខាភិបាលខេត្តកំពត
៨. មន្ទីរសុខាភិបាលខេត្តកណ្តាល
៩. មន្ទីរសុខាភិបាលខេត្តព្រៃវែង
១០. មន្ទីរសុខាភិបាលខេត្តសៀមរាម
១១. មន្ទីរសុខាភិបាលខេត្តតាកែវ
១២. មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
១៣. ឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល
ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -២៤C និងមានលក្ខណៈពិសេសជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា រថយន្តដឹកវ៉ាក់សាំងនេះ គឺជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានី-ខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស៕