ប្រទេសអ៊ីតាលីនឹងឧបត្ថម្ភធនរហូតដល់ ៦ ០០០អឺរ៉ូ ឬប្រហែល ៦ ៦៤០ដុល្លារ សម្រាប់ការទិញរថយន្តអគ្គិសនីថ្មី ដែលជាផ្នែកមួយនៃផែនការគាំទ្រដល់ឧស្សាហកម្មរថយន្តរបស់ប្រទេសខ្លួន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីតាលីបានត្រៀមទុក ៨,៧ ពាន់លានអឺរ៉ូ (៩,៦ ពាន់លានដុល្លារ) រហូតដល់ឆ្នាំ ២០៣០ ដើម្បីចំណាយលើការឧបត្ថម្ភធន ដែលរួមមាន ៧០០ លានអឺរ៉ូ (៧៧៥ លានដុល្លារ) ក្នុងឆ្នាំ ២០២២ ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ ឲ្យទិញរថយន្តអគ្គិសនីថ្មី។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួលបានឧបត្ថម្ភធនពេញលេញ រថយន្តអគ្គិសនីនោះត្រូវតែមានតម្លៃតិចជាង ៣៥ ០០០អឺរ៉ូ ឬប្រហែល ៣៨ ៧០០ដុល្លារ។
យ៉ាងណាមិញ ប្រទេសនេះក៏នឹងផ្តល់ការឧបត្ថម្ភធនសម្រាប់អ្នកទិញ ដែលជ្រើសរើសទិញរថយន្ត Hybrid និងសូម្បីតែរថយន្តដែលបំពាក់ម៉ាស៊ីនចំហេះក្នុង ដែលសន្សំសំចៃ និងជាជំនាន់ចុងក្រោយបំផុត។
គួរឲ្យដឹងថា អ្នកទិញរថយន្ត Hybrid នៅអ៊ីតាលី អាចទទួលបានលុយឧបត្ថម្ភរហូតដល់ ២ ៧០០ដុល្លារ ចំណែកឯអ្នករថយន្តប្រើម៉ាស៊ីនចំហេះក្នុង អាចបាន ១ ៣០០ដុល្លារដែរ នៅពេលសម្រេចចិត្តបោះចោលរថយន្តចាស់ ដែលមានការបំពុលខ្លាំង៕