ឡានអគ្គិសនី Cadillac Lyriq នឹងចេញលក់នៅខែឧសភាខាងមុខ

[ទីផ្សារបរទេស] ក្រុមហ៊ុន Cadillac នឹងចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីម៉ូដែល Lyriq ក្នុងពេលមិនដល់មួយសប្ដាហ៍ទៀតនោះទេ ហើយអតិថិជននឹងអាចចាប់ផ្ដើមធ្វើការកុម្ម៉ង់ទិញរថយន្តនេះតាមអនឡាញបានចាប់ពីថ្ងៃទី១៩ ខែឧសភាខាងមុខ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

គួរដឹងថាគិតមកទល់ពេលនេះមានមនុស្សយ៉ាងតិច ២៣ម៉ឺននាក់ បានបង្ហាញការចាប់អារម្មណ៍ចំពោះរថយន្ត Lyriq ដោយពួកគេបានចុះឈ្មោះដើម្បីចង់ដឹងបន្ថែមពីរថយន្តនេះ ដែលបានធ្វើឲ្យក្រុមហ៊ុន Cadillac ដំឡើងគោលដៅផលិតដល់ ២៥ ០០០គ្រឿង កើនឡើងពីគោលដៅដំបូងប្រមាណ ៣ ២០០គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីដំណឹងអំពីរថយន្តអគ្គិសនីនេះ ក្រុមហ៊ុនក៏បានប្រកាសដែរថាមុខងារ Super Cruise គ្រោងនឹងចេញសម្រាប់ម្ចាស់រថយន្ត CT4, CT5 និង Escalade នាពេលឆាប់ៗខាងមុខនេះ ដែលមុខងារនេះអាចឲ្យអ្នកបើកបរព្រលែងដៃពីចង្កូតរថយន្តបាននៅពេលដែលស្ថិតក្នុងស្ថានភាពដែលអំណោយផល ហើយការអាប់ដេតក៏មានបន្ថែមសមត្ថភាពផ្លាស់ប្ដូរគន្លងផ្លូវដោយស្វ័យប្រវត្តិផងដែរ។

ការអាប់ដេតថ្មីនេះនឹងអាចដំឡើងបានតាមរយៈអ៉ឺនធឺណិត ដោយម្ចាស់រថយន្តគ្រាន់តែចុចទទួលយកការយល់ព្រមនៅពេលដែលសារអាប់ដេតលោតចេញលើអេក្រង់កម្សាន្តដែលមានក្នុងរថយន្តរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម