[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានបញ្ចេញនូវម៉ូឌែល CRETA ស៊េរីឆ្នាំ ២០២២ ប្រភេទ Crossover កៅអី ៥ ដែលបានដំទ្បើងនៅរោងចក្រប្រទេសឥណ្ឌូនេស៊ី នាំចូលទៅលក់នៅថៃ។
ការឌីហ្សាញនៃរថយន្ត Hyundai CRETA ត្រូវបានរចនាទ្បើងជាមួយនឹងប៉ាណាមុខ Parametic Jewel Radiator, អំពូលជួយបំភ្លឺពេលថ្ងៃ DRL និងថាសកង់ស្ព័រប្រភេទ Diamond Cut ទំហំ ១៧អ៊ីញ។ រីឯផ្នែកខាងក្នុងវិញត្រូវបានឌីហ្សាញទ្បើងគួរឱ្យចាប់អារម្មណ៍ខ្លាំងជាមួយនឹងកង់ទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ៨ អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay, Android Auto, ការគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ, ឧបករណ៍សាកថ្មទូរស័ព្ទ ឥតខ្សែ និងដំបូលបើកខាងលើបែប Panoramic Sunroof ជាដើម។
រថយន្ត Hyundai CRETA បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១១៥សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខ lVT ។ បន្ថែមពីនេះរថយន្តក៏មាន Driving Modes ៤ ប្រភេទដូចជា Eco, Comfort, Sport និង Smart ជាដើម។
លើសពីនេះរថយន្ត Hyundai CRETA ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព Hyundai SmartSense កម្រិតខ្ពស់។ ខណៈដែលប្រព័ន្ធសុវត្ថិភាពស្តង់ដាររួមមានប្រព័ន្ធគ្រប់គ្រងលំនឹង ESC, ប្រព័ន្ធហ្វ្រាំង ABS, Hill Start Assist, ប្រព័ន្ធព្រមានសម្ពាធកង់រថយន្តដោយស្វ័យប្រវត្តិ និងពោងសុវត្ថិភាព ៦ ចំណុចជាដើម។
សម្រាប់រថយន្ត Hyundai CRETA ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ម៉ូឌែល ដូចជា SE និង SEL ជាមួយនឹងតម្លៃចាប់ពី ២៨ ៥០៤ ដល់ ៣០ ០០៦ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕