Great Wall Motor ចុះកិច្ចព្រមព្រៀងជាមួយ ថៃ ដើម្បីកាត់បន្ថយតម្លៃឡានអគ្គិសនី

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរបស់ប្រទេសថៃ ដើម្បីកាត់បន្ថយតម្លៃលក់រាយនៃរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសថៃ។

លោក Michael Chong អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Great Wall Motor Thailand បាននិយាយថា “គោលការណ៍ដែលយើងមានឥឡូវនេះ គឺកាត់បន្ថយតម្លៃ ១៥០ ០០០ បាត (ប្រហែល ៤ ៥០០ ដុល្លារ) ហើយជាការពិតណាស់ មានអាករលើតម្លៃបន្ថែម (VAT) ដូច្នេះចំនួនសរុបដែលយើងសន្សំសម្រាប់អតិថិជន គឺ រហូតដល់ ១៦៥ ០០០ បាតឯណោះ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តអត្រាពន្ធអាករថ្មីសម្រាប់យានយន្ត ដែលទាបជាងមុនសម្រាប់រថយន្តអគ្គិសនី និងខ្ពស់ជាងមុនសម្រាប់រថយន្តប្រើប្រេងឥន្ធនៈ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី។

លោក Thanakorn Wangboonkongchana បានប្រាប់ឲ្យដឹងទៀតថា គណៈរដ្ឋមន្ត្រីក៏បានអនុម័តសេចក្តីជូនដំណឹងពីក្រសួងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនីដែលបានផលិតទាំងស្រុង ចំនួន ៤០% ដែលមានតម្លៃរហូតដល់ ២ លានបាត និង ២០% សម្រាប់រថយន្តអគ្គិសនីនាំចូល ដែលមានតម្លៃពី ២ លាន ទៅ ៧ លានបាត។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា អត្រាពន្ធអាករថ្មីនឹងអនុវត្តចំពោះយានជំនិះចំនួន ២៧ ប្រភេទ ប៉ុន្តែក្នុងនោះមាន ៦ ប្រភេទ នឹងត្រូវអនុវត្តភ្លាមៗ។

សូមបញ្ជាក់ថា រថយន្ត​ដែល​ដឹក​អ្នក​ដំណើរ (ផ្ទុកបាន​ដល់​ ១០ នាក់) ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនីសុទ្ធ ​នឹង​ត្រូវ​យក​ពន្ធ​ចំនួន ២% រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៥។ បន្ទាប់​មក​អត្រា​នឹង​មាន​ពី ៨% ទៅ ១០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម