អុញ! ទើបតែប្រកាសបើករោងចក្រវិញបានប៉ុន្មានថ្ងៃ ឥឡូវ Renault បានផ្អាកការផលិតនៅរុស្សីឡើងវិញ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault របស់ប្រទេសបារាំង ដែលជាក្រុមហ៊ុនផលិតរថយន្តលេខ ១ របស់រុស្ស៊ី ដោយបានបញ្ឈប់សកម្មភាពឧស្សាហកម្មរបស់ខ្លួននៅរោងចក្រផលិត Autoframos ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីវាបានបើកដំណើរការឡើងវិញនៅរោងចក្រនៅទីក្រុងម៉ូស្គូ។

ក្នុងនោះក្រុមហ៊ុន Renault ក៏បាននិយាយផងដែរថា ខ្លួននឹងកំពុងវាយតម្លៃជម្រើសដែលមានជាមួយនឹងភាគហ៊ុនភាគច្រើន ៦៧,៦១% របស់ខ្លួននៅក្នុង Lada Auto Holding ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់រុស្ស៊ី AutoVAZ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Renault នៅតែមានការស្ទាក់ស្ទើរក្នុងការបិទប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ដោយសារតែប្រទេសនេះបានគំរាមកំហែងធ្វើជាតូបនីយកម្មរោងចក្ររបស់ក្រុមហ៊ុនបរទេសដែលជ្រើសរើសចាកចេញពីទីផ្សារ។

ថ្មីៗនេះក្រុមហ៊ុន Renault បានប្រឈមមុខនឹងការរិះគន់នៅលើប្រព័ន្ធផ្សព្វផ្សាយដោយសារការបើករោងចក្រផលិត Autoframos របស់ខ្លួនឡើងវិញនៅទីក្រុងម៉ូស្គូ ដែលបានផ្អាកការផលិតកាលពីចុងខែកុម្ភៈ។ ក្នុងនោះ មនុស្សជាច្រើន រួមទាំងអ្នកនយោបាយនៅបរទេស បានអំពាវនាវឲ្យធ្វើពហិការចំពោះម៉ាកយីហោនេះ ដើម្បីដាក់សម្ពាធឲ្យចាកចេញពីទីផ្សាររុស្ស៊ី។

សរុបមក ក្រុមហ៊ុន Renault មានប្រហែល ៣០% នៃទីផ្សាររថយន្តទាំងមូលរបស់ប្រទេសរុស្ស៊ី ដែលមានចំនួន ៨% នៃប្រាក់ចំណូលស្នូលរបស់ក្រុមហ៊ុន។ លើសពីនេះ ក្រុមហ៊ុន Renault ក៏ទទួលខុសត្រូវចំពោះការងាររបស់មនុស្សចំនួន ៤៥,០០០ នាក់នៅក្នុងប្រទេសរុស្ស៊ី ហើយបច្ចុប្បន្នកំពុងផលិតរថយន្ត Duster, Kaptur និង Arkana នៅរោងចក្រ Moscow ក៏ដូចជា Nissan Terrano ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម