ខ្មៅគ្រឹប! Xpeng បញ្ចេញម៉ូដែលពិសេសថ្មី ជាការអបអរដល់រថយន្ត P7 លក់បានរថយន្តចំនួន ១០០ ០០០ គ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បញ្ចេញម៉ូដែលពិសេសថ្មី P7 562E Black Label Edition ជាការអបរការលក់បានរថយន្តចំនួន ១០០ ០០០ គ្រឿង នៃរថយន្តអគ្គិសនីសុទ្ធ Xpeng P7 ជាមួយការចំណាយពេលត្រឹម ៦៩៥ ថ្ងៃ ចាប់តាំងពី P7 ចេញលក់ជាផ្លូវការនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ។

ដើម្បីអបអរសមិទ្ធិផលនេះ ក្រុមហ៊ុន Xpeng បានដាក់បង្ហាញរថយន្ត P7 562E Black Label Edition ពិសេសដែលមានផ្នែកខាងក្រៅពណ៌ខ្មៅទាំងអស់ រួមទាំងកង់ ហើយភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ XPILOT 3.0 របស់ក្រុមហ៊ុនផលិតរថយន្ត ជាមួយនឹង Navigation Guided Pilot និង Valet Parking Assist ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកម៉ាស៊ីននៃម៉ូដែលពិសេសនេះ​គឺ​បានភ្ជាប់ជាមួយ​​អាគុយទំហំ ៧០,៨ គីឡូវ៉ាត់ម៉ោង និង​ម៉ូទ័រ​អគ្គិសនី​ខាង​ក្រោយ​ដែល​មាន​កម្លាំង ២៦៣ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៥៨៦ គីឡូម៉ែត្រ នៅលើការធ្វើតេស្ត (NEDC) ខណៈពេលដែលប្រភេទ Super-Long Range ដែលមានកម្លាំង ៨០,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានដល់ទៅ ៧០៦ គីឡូម៉ែត្រ។

លើសពីនេះ អិតិថិជនក៏​អាច​ជ្រើសរើស​ជម្រើស​ម៉ាស៊ីន​ប្រភេទម៉ូទ័រពីរ​ ដែល​មានម៉ូទ័រអគ្គិសនីខាងមុខផលិតកម្លាំងបាន ១៦១ សេះ និងម៉ូទ័រអគ្គិសនីខាងក្រោយមានកម្លាំង ២៦៣ សេះ និងកម្លាំងរមួល ៦៥៥ ញ៉តុនម៉ែត្រ ហើយក៏មានអាគុយទំហំ ៨០,៩ គីឡូវ៉ាត់ម៉ោង និងអាចបើកបរបានចម្ងាយ ៥៦២ គីឡូម៉ែត្រ ដោយអាគុយអាចសាកបានពី ៣០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ២៨ នាទី ហើយបន្ទាប់ពីសាកត្រឹមតែ ១០ នាទី អាចកើនឡើងការបើកបរបានចម្ងាយ ១២០ គីឡូម៉ែត្រ។

ចំពោះរូបរាងនៃការរចនាដ៏ទាក់ទាញដែលរួមបញ្ចូលរបារពន្លឺ LED រាងស្លីមដែលអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងទាំងផ្នែកខាងមុខ និងខាងក្រោយ និងដំបូលបែប Panoramic Sunroof។

ជាចុងក្រោយ ប្រព័ន្ធ XPILOT 3.0 ដែលបានរៀបរាប់ខាងលើត្រូវបានបង្កើតឡើងដោយកាំមេរ៉ាចំនួន ១៤ចំនុច ឧបករណ៍ចាប់សញ្ញា ultrasonic ចំនួន ១២ និងរ៉ាដារ ៥ ម.ម ដែលអនុញ្ញាតឲ្យមានការបើកបរពាក់កណ្តាលស្វ័យភាពកម្រិត ២ និងកម្រិត ៣ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម