ត្រឹមរយៈពេលមួយសប្តាហ៍ រថយន្តអគ្គិសនី MG ZS EV និង MG EP ទទួលបានការកក់ជាង ៣,០០០ គ្រឿង នៅពិរព័ណ៍ Bangkok Motor Show 2022

[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC Motor-CP Co., Ltd. និង MG Sales (Thailand) Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្ត MG នៅប្រទេសថៃ បានធ្វើការប្រកាសថា រថយន្តអគ្គិសនី MG ទាំងម៉ូដែល NEW MG ZS EV និង MG EP បានទទួលការពេញនិយមកាន់តែខ្លាំងបន្ទាប់ពីការប្រកាសកាត់បន្ថយតម្លៃតាមវិធានការគាំទ្ររបស់រដ្ឋាភិបាលប្រហែលពី ៦ ៨០៤ ដុល្លារ ទៅ ៧ ៣៧៤ ដុល្លារ ។

ជាមួយគ្នានេះ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការប្រកាសតម្លៃជាផ្លូវការនៅឯពិរព័ណ៍ Bangkok International Motor Show ទទួលបានការកក់ទុកមុនជាង ៣,០០០ គ្រឿង ហើយ MG នឹងចាប់ផ្តើមចែកចាយរថយន្តដល់អតិថិជនចាប់ពីខែឧសភាតទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា MG នឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនីទាំងពីរចាប់ពីខែឧសភានេះតទៅ ប៉ុន្តែដោយសារចំនួននៃការកក់លើសពីការរំពឹងទុក ដូច្នេះ អតិថិជន​ដែល​កក់​ឥឡូវ​អាច​នឹង​ទទួល​បាន​រថយន្ត​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ។

សម្រាប់រថយន្តអគ្គិសនី MG ZS EV ថ្មី មានបំពាក់ជាមួយម៉ូទ័អគ្គិសនីដែលមានកម្លាំង ១៧៧ សេះ ភ្ជាប់ជាមួយអាគុយទំហំ ៥០,៣​គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៣ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង និងមានមានលក់ជាពីរម៉ូដែលគឺ NEW MG ZS EV Model D និង Model X មានតម្លៃ ២៨ ៤៣៤ ដុល្លារ និង ៣០ ៦៥១ ដុល្លារ បន្ទាប់ពីជំនួយពីរដ្ឋាភិបាល។

រីឯរថយន្ត MG EP ជារថយន្តអគ្គីសនីសុទ្ធដំបូងគេក្នុងប្រទេសថៃ បំពាក់ជាមួយមូទ័រអគ្គិសនីដែលមានកម្លាំង ១៦៣​ សេះ ភ្ជាប់ជាមួយអាគុយទំហំ​ ៥០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៨០ គីឡូម៉ែត្រ។ ក្នុងនោះរថយន្តអគ្គិសនីសុទ្ធនឹងមានលក់ជាពីរម៉ូដែល គឺ MG EP និង MG EP PLUS មានតម្លៃ ២២ ៨០១ ដុល្លារ និង ២៣ ១០១ ដុល្លារ បន្ទាប់ពីជំនួយពីរដ្ឋាភិបាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម