[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen មានគម្រោងនឹងផលិតរថយន្តភីកអាប់អគ្គិសនីដើម្បីប្រជែងនឹងរថយន្ត F-150 Lightning របស់ក្រុមហ៊ុន Ford និងរថយន្ត Silverado EV របស់ Chevrolet នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Business Insider លោក Scott Keogh នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen Group Of America បាននិយាយថាគាត់ចាប់អារម្មណ៍លើរថយន្តផ្នែកភីកអាប់អគ្គិសនី បើទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុន VW លក់រថយន្ត Pickup តែមួយម៉ូដែលគឺ Amarok ដែលផលិតឡើងផ្អែកលើរថយន្ត Ford Ranger ក៏ដោយ។
ក្នុងនោះ លោក Scott Keogh បានលើកឡើងពីឱកាសផលិតរថយន្តភីកអាប់អគ្គិសនី ដោយលោកបានកត់សម្គាល់ថា អតិថិជនទិញរថយន្តភីកអាប់នឹងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការប្តូរទៅប្រើរថយន្តអគ្គិសនី ហើយរថយន្តភីកអាប់អគ្គិសនីរបស់ក្រុមហ៊ុន VW នឹងមានតម្លៃសមរម្យ ហើយទំនងជានឹងអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
បច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក មានក្រុមហ៊ុនផលិតរថយន្តភីកអាប់អគ្គិសនីធំៗមួយចំនួនដូចជា Ford, General Motors និង Stellantis ដែលបានដាក់បង្ហាញរថយន្តភីកអាប់អគ្គិសនីខ្លួននៅចុងឆ្នាំនេះ។
គួរឲ្យដឹងថា ក្រុមហ៊ុន Volkswagen Group ដែលលក់រថយន្តនៅសហរដ្ឋអាមេរិកក្រោមម៉ាក Volkswagen, Porsche, Audi, Bentley, Lamborghini និង Bugatti កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីព្យាយាមអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនី។ ទន្ទឹមនឹងនេះ នៅត្រឹមឆ្នាំ ២០៣០ ម៉ាកយីហោ Volkswagen មានបំណងលក់ ៥៥% នៅក្នុងទីផ្សារសហរដ្ឋអាមេរិកនឹងជាអគ្គិសនី៕