ឆ្នាំ២០២២ នេះ គឺជាខួបលើកទី៥៥ នៃផ្នែក AMG ហើយក្រុមហ៊ុន Mercedes ក៏បានយកឱកាសនេះដើម្បីបញ្ចេញរថយន្តម៉ូដែលពិសេសជាច្រើនដែរ ដូចជា G 63 Edition 55 ហើយឥឡូយនេះ A 35 Edition 55 និង CLA 35 Edition 55 ក៏បានបង្ហាញខ្លួនដែរ។
រថយន្ត Mercedes-AMG A35 Edition 55 និង CLA 35 Edition 55 ដែលបច្ចុប្បន្នដាក់ឲ្យបញ្ជាទិញលើទីផ្សារអឺរ៉ុប នឹងមានបំពាក់ Option “AMG Aerodynamics Package” ដែលរួមមានកាងកាត់ខ្យល់មុខ, កាងកន្ទុយត្រី និង កាងកាត់ខ្យល់ក្រោយ ផងដែរ។
ជាមួយគ្នានេះដែរ វាក៏មានបំពាក់ Option “AMG Night” និង “Night II Packages” ដែលតុបតែងខ្លួនរថយន្តពណ៌ខ្មៅ មើលទៅកាន់តែទាក់ទាញ។
មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងវាមាន Option កៅអី AMG Performance ដែលរំលេចថ្នេរដេរពណ៌ក្រហម ព្រមទាំងមានតែម “Edition 55” លើដៃចង្កូតប្រភេទ AMG Performance ទៀតផង។
សូមបញ្ជាក់ថា រថយន្តទាំងពីរម៉ូដែលនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០២សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៧វិនាទី និងមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕