[ទីផ្សារបរទេស] ក្រោយពីការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធ Smart #1 បានមួយរយៈខ្លី នាពេលនេះរថយន្តនេះចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ទិញក្នុងប្រទេសចិន ដែលមានបង្ហាញតម្លៃមកជាមួយជាលើកដំបូងផងដែរ។
Smart #1 នៅប្រទេសចិន មានតម្លៃប្រមាណ ២៩ ៩០០ដុល្លារ និងប្រមាណ ៣៥ ០៧០ដុល្លារ ដែលមួយជាតម្លៃសម្រាប់ប្រភេទ Pro+ និងមួយទៀតជាតម្លៃសម្រាប់ប្រភេទ Premium។ រថយន្តទាំងពីរប្រភេទមានបំពាក់ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ ដែលអាចផលិតកម្លាំងបាន ២៦៤សេះ និងមានអាគុយចំណុះ ៦៦kWh។
ចំណុចខុសគ្នារវាងរថយន្តទាំងពីរប្រភេទគឺប្រភេទ Premium មានបំពាក់បច្ចេកវិទ្យា SiC លើម៉ូទ័រអគ្គិសនី ដែលអាចឲ្យរថយន្តបើកបរបានចម្ងាយប្រមាណ ៥៦០គ.ម ចំណែកឯប្រភេទ Pro+ បើកបរបានចម្ងាយប្រមាណ ៥៣៥គ.ម។ ដោយឡែករថយន្តទាំងពីរក៏មានបំពាក់បច្ចេកវិទ្យាសាកល្បឿនលឿន ១៥០kW ដូចគ្នា និងមានមុខងារ Pilot ADAS ដែលអាចបើកបរស្វ័យប្រវត្តិកម្រិតពីរ។
រថយន្ត Smart #1 រពឹងថាចាប់ផ្ដើមការដឹកជញ្ជូននៅប្រទេសចិននៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ក្រោយបើកការផលិតនៅរោងចក្រក្នុងតំបន់ Xian ដែលជារោងចក្ររបស់ក្រុមហ៊ុន Geely។
ក្រោយការចេញលក់នៅប្រទេសចិន #1 នឹងចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារអឺរ៉ុប និងទីផ្សារអាស៊ីដទៃ ខណៈដែលការចេញលក់នៅសហរដ្ឋអាមេរិក មិនមានក្នុងផែនការរបស់ក្រុមហ៊ុននៅឡើយទេ៕