Audi ចេញរថយន្ត S8 ឆ្នាំ២០២០ ប្តូររាងថ្មីទាំងស្រុង ឯកម្លាំងជាង ៥០០សេះ

Audi បានបញ្ចេញរថយន្ត Sedan ប្រណីតរបស់ខ្លួនម៉ូដែល S8 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដែលផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង (All-new) តែម្តង។

រថយន្ត Audi S8 បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៧១សេះ ខ្លាំងជាងស៊េរីមុន ៥១សេះឯណោះ។ មិនតែប៉ុណ្ណោះ វាបានប្រើបច្ចេកវិទ្យា Mild-hybrid ដែលជួយឱ្យមុខងារ Stop/Start កាន់តែរលូន ហើយបិទដំណើរការម៉ាស៊ីន នៅពេលឈប់ស្ងៀមបានកាន់តែយូរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើវាប្រើម៉ាស៊ីន ៨ស៊ីឡាំងមែន ប៉ុន្តែ S8 វៃឆ្លាតខ្លាំងណាស់ ដោយអាចបិទម៉ាស៊ីន ៤ចោល ដើម្បីសន្សំសំចៃប្រេងទៀតផង។ Audi និយាយថា រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ១១លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត S8 ថ្មីនេះ មិនត្រឹមតែសន្សំសំចៃនោះទេ តែក៏មានសមត្ថភាពខ្លាំងដែរ ដោយអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្នែកខាងក្នុង S8 បានបំពាក់គ្រឿងបរិក្ខាដ៏ប្រណីត និងទំនើបខ្លាំង គួបផ្សំជាមួយកម្រិតផាសុកភាពលំដាប់កំពូលទៀតផង។ ប្រព័ន្ធកម្សាន្ត-បង្ហាញព័ត៌មាន Touch MMI និង កុងទ័រឌីជីថល Virtual Cockpit នៅតែជាចំណុចខ្លាំងរបស់រថយន្ត Audi នេះ។

S8 ឆ្នាំ២០២០ មានបំពាក់មុខងារជំនួយការបើកបរ និងសុវត្ថិភាពរហូតដល់ទៅ ៣៨មុខផ្សេងៗគ្នា ក្នុងនោះក៏មានមុខងារ Adaptive Cruise Assist, Traffic Jam Assist និង Lane Tracking Assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម