អ្នករង់ចាំឡាន Mazda Vision Coupe អាចអស់សង្ឃឹមពេលដឹងដំណឹងនេះ

[ទីផ្សារបរទេស] ផ្អែកតាមការចុះផ្សាយរបស់ Autocar បានឲ្យដឹងថារថយន្ត Mazda Vision Coupe ប្រភេទ Concept ដែលបានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ២០១៧ កំពុងតែត្រូវក្រុមហ៊ុនបំភ្លេចចោលដោយសារការពេញនិយមលើរថយន្ត SUV។

រថយន្ត Vision Coupe ដែលបានបង្ហាញមុខក្នុងកម្មវិធី Tokyo Motor Show ឆ្នាំ២០១៧ បានបង្ហាញ​អំពី​ការ​វិវត្តន៍ពិសេសនៃ​រចនាបថ Kodo: Soul of Motion ដែលជាអត្តសញ្ញាណរបស់ Mazda។ យ៉ាងណាក្ដី រថយន្តនេះនឹងមិនត្រូវបានផលិតលក់លើ​ទីផ្សារឆាប់ៗនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមប្រធានវិស្វកម្ម Mazda Europe លោក Joachim Kunz បានលើកឡើងបែបនេះថា ៖ “និន្នការនៃរថយន្ត SUV នេះគឺនៅតែបន្ត ហើយបន្តយ៉ាងរឹងមាំថែមទៀតសម្រាប់ Mazda ដោយវាជាអ្វីដែលកំពុងតែលក់ដាច់ខ្លាំង”។

គួរដឹងថា Mazda កំពុងតែព្យាយាមដណ្ដើមយកទីផ្សាររថយន្ត SUV ជាមួយគ្រោងឆ្អឹងរថយន្តប្រើប្រព័ន្ធបើកបរប៉ុងក្រោយថ្មី ដោយកាលពីថ្មីៗកន្លងទៅក្រុមហ៊ុនបានប្រកាសចេញរថយន្ត CX 50 និង CX-60 ជាមួយផែនការប្រកាសចេញរថយន្ត CX-70 និង CX-80 សម្រាប់លក់លើទីផ្សារជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម