រថយន្ត Range Rover Sport ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការឌីហ្សាញថ្មី កាន់តែទាក់ទាញ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ វាជម្រើសម៉ាស៊ីនច្រើន រួមទាំងម៉ាស៊ីន V8 ខ្ចីពី BMW ទៀតផង។
ចុចអាន៖ លម្អិតជម្រើសម៉ាស៊ីន Range Rover Sport ឆ្នាំ២០២៣ ទើបចេញក្តៅៗ មានទាំងម៉ាស៊ីន V8 ខ្ចីពី BMW ទៀត!
យ៉ាងណាមិញ ជាមួយនឹងការអាប់ដេតថ្មីច្រើនបែបនេះ បើងាកមកមើលតម្លៃរបស់វាវិញ ក៏ថ្លៃជាងមុនដែរ ដោយរថយន្ត Range Rover Sport ស៊េរីឆ្នាំ២០២៣ ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៩៧ ៧០០ដុល្លារ សម្រាប់ទីផ្សារអង់គ្លេស និង ចាប់ពី ៨៣ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
បើប្រៀបធៀបជាមួយនឹង រថយន្ត Range Rover Sport ឆ្នាំ២០២២ ដែលដាក់លក់ចាប់ក្នុងតម្លៃចាប់ពី ៧០ ៩០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក គឺថ្លៃជាងដល់ទៅខ្ទង់ ១ម៉ឺនដុល្លារឯណោះ។
សូមបញ្ជាក់ថា រថយន្ត Range Rover Sport ឆ្នាំ២០២៣ ក៏នឹងមានជម្រើសម៉ូដែល P530 First Edition ដែរ ដោយវានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១២១ ៥០០ដុល្លារ។
រថយន្ត Range Rover Sport ឆ្នាំ២០២៣ ផ្តល់នូវជម្រើស Option ពិសេសៗជាច្រើន រួមទាំង កៅអីម៉ាស្សា អាចសារ៉េបាន ២២បែប, ប្រព័ន្ធបន្សុទ្ធខ្យល់កម្រិតខ្ពស់, ប្រព័ន្ធសំឡេង Meridian hifi កម្លាំង ១ ៤៣០វ៉ាត់ ចំនួន ២៩គ្រាប់, មុខងារទប់សំឡេងរំខាន ANC, កុងទ័រជីឌីថល ១៣,៧អ៊ីញ និង អេក្រង់កម្សាន្តកោង Touchscreen ទំហំ ១៣,១អ៊ីញ ទៀតផង។
Range Rover Sport ឆ្នាំ២០២៣ ប្រើគ្រោងឆ្អឹង MLA-Flex ហើយវាមានប្រវែងពីកង់មុខទៅកង់ក្រោយវែងជាងមុន ៥៤មីល្លីម៉ែត្រ សរុប ២ ៩៧៧មីល្លីម៉ែត្រ។ បង្ហាញខ្លួនដំបូង រថយន្ត Range Rover Sport ឆ្នាំ២០២៣ នឹងមានទាំងជម្រើសម៉ាស៊ីនសាំង, ម៉ាស៊ូត និង Plug-in Hybrid ជាមួយនឹងជម្រើសម៉ាស៊ីន V8 តាមក្រោយ។ វានឹងប្រើប្រអប់លេខអូតូ ៨វគ្គ ZF និងប៉ុងពីរ Intelligent All-Wheel Drive មកស្តង់ដារ៕