[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai និង Kia បានប្រកាសអំពីផែនការវិនិយោគទឹកប្រាក់ ១៦,៥ពាន់លានដុល្លារ ដើម្បីបង្កើនទំហំផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនទាំងពីរនៅប្រទេសកូរ៉េខាងត្បូង។
ក្រុមហ៊ុនរថយន្តទាំងពីរ មានគោលបំណងបង្កើនការផលិតរថយន្តនៅប្រទេសកូរ៉េខាងត្បូងឲ្យបានដល់ ១,៤៤លានគ្រឿង នៅត្រឹមឆ្នាំ២០៣០ កើនឡើងពីចំនួន ៣៥ម៉ឺនគ្រឿង ដែលរំពឹងថាផលិតបាននៅក្នុងឆ្នាំ២០២២នេះ។
ក្នុងនោះដែរ Hyundai Motor Group ចង់ក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីសកលឲ្យបាន ១២% ដែលស្មើនឹង ៣,២៣លានគ្រឿង ដែលគោលដៅនេះចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០។ ការងារសំខាន់នៃផែនការនេះនឹងជាប់ពាក់ព័ន្ធជាមួយការសាងសង់រោងចក្រដែលមានផលិតតែរថយន្តអគ្គិសនីសុទ្ធ។
រោងចក្រផលិតថ្មីនឹងត្រូវសាងសង់ឡើងនៅក្នុងតំបន់រោងចក្ររបស់ Kia នៅទីក្រុង Hwaseong ដែលនឹងមានទំហំផលិត ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ហើយនឹងបន្តបង្កើនដល់ ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។
ដោយឡែក Hyundai ត្រូវបានរំពឹងថានឹងប្រកាសអំពីផែនការសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីនៅសហរដ្ឋអាមេរិក ដែលរោងចក្រនេះនឹងជួយបង្កើតការងារថ្មីបានចំនួន ៨ពាន់កន្លែង៕