ពលរដ្ឋអាមេរិក ដកចិត្តលែងរួចពីឡាន SUV និងឡានភីកអាប់

[ទីផ្សារបរទេស] ផ្អែកតាមទិន្នន័យរបស់ស្ថាប័ន JATO Dynamics បានបង្ហាញថារថយន្តប្រភេទ SUV និងភីកអាប់​ បានកាន់កាប់ចំណែកយ៉ាង​ធំ​ធេងក្នុង​ចំណោម​រថយន្ត​ដែល​បាន​លក់ចេញលើទីផ្សារសហរដ្ឋអាមេរិកសម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំ២០២២ ដោយ​រថយន្ត​នេះ​កាន់កាប់ចំណែក​រហូតដល់ ៧២,៩។

ក្នុងនោះដែរ រថយន្ត SUV មានចំណែក ៥៣,៥% ខណៈដែលរថយន្តភីកអាប់មានចំណែក ១៩,៤% ក្នុងចំណោម​រថយន្តសរុប ៤,៥៦លានគ្រឿង ដែលបានលក់ចេញ​លើ​ទីផ្សារ​អាមេរិក។ រំលឹកថាកាលពីឆ្នាំ២០១៩ គិតចាប់ពីខែមករា ដល់ខែមេសាដូចគ្នា រថយន្ត​ភីកអាប់ និង SUV កាន់កាប់ចំណែកទីផ្សារ ៦៣% ហើយដល់ឆ្នាំ២០២០ វាបានកើនឡើងដល់ ៦៧,៩% និងនៅ​ឆ្នាំ​២០២១ វាបាន​កើន​ដល់ ៧០,៥%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក រថយន្ត Sedan ឯណោះវិញ ថយចុះចំណែកទីផ្សារជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០១៩ មានចំណែក ២៣,៤% និង​នភ​ឆ្នាំ២០២២ បានធ្លាក់ចុះ​មក​នៅ​ត្រឹម ១៦,៣%។ គិតជាតួលេខ នៅឆ្នាំ២០១៩ រថយន្ត Sedan លក់ចេញបាន​ប្រមាណ ១,២៥លាន​គ្រឿង និងនៅឆ្នាំ២០២២ លក់ចេញបានត្រឹម ៧៤២ ០០០គ្រឿង។

គួរដឹងដែរថា Toyota អាចលក់រថយន្តបានច្រើនជាងគេក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២២ ក៏ដោយសារមានរថយន្ត RAV4 ដែល​បាន​ក្លាយ​ជា​រថយន្ត SUV លក់ដាច់ជាងគេក្នុងឆ្នាំ២០២១ ហើយវាបន្តឈរតំណែងលេខមួយបន្តទៀតនៅ​រយៈពេល​៤​ខែកន្លង​មក​នេះ។ រថយន្ត SUV ពេញនិយមផ្សេងទៀតរបស់ Toyota មានដូចជា Highlander និង Toyota 4Runner ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម