ក្រុមហ៊ុន Mercedes-AMG នៅតែព្យាយាមទាញយកចំណាប់អារម្មណ៍អ្នកស្រលាញ់ចូលចិត្តរថយន្តនៅទូទាំងពិភពលោក តាមរយៈការបញ្ចេញរថយន្តដ៏អស្ចារ្យរបស់ខ្លួន។ ថ្មីៗកន្លងទៅនេះ Mercedes-AMG ក៏បានប្រកាសចេញនូវរថយន្ត C43 ដែលបោះបង់ម៉ាស៊ីន V6 រួចងាកមកប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ជាមួយនឹងកម្លាំង ៤០២សេះវិញ។
ឥឡូវនេះ Mercedes-Benz បានប្រកាសចេញតម្លៃរបស់ C43 សម្រាប់ទីផ្សារអឺរ៉ុប ដោយចាប់ពីខ្ទង់ ៧៥ ៦០០ដុល្លារ សម្រាប់ម៉ូដែល Sedan និង ខ្ទង់ ៧៧ ៥០០ដុល្លារ សម្រាប់ម៉ូដែល Wagon។
បើប្រៀបធៀបទៅ C43 ហាក់មានតម្លៃថ្លៃជាងគូប្រគួត ដូចជា BMW M340i កម្លាំង ៣៨២សេះ តម្លៃ ៥៤ ៧០០ដុល្លារ និង Audi S4 កម្លាំង ៣៤៩សេះ តម្លៃ ៥១ ៩០០ដុល្លារ។
ទោះបីជា C43 ប្រើត្រឹមម៉ាស៊ីនទំហំ ៤ស៊ីឡាំង ប៉ុន្តែវាជាម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ដែលដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរមកស្តង់ដារ។
គួរឲ្យដឹងដែរថា ម៉ាស៊ីននេះអាចអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៦វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ទៀតផង៕