[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការដាក់បញ្ចេញរូបភាពផ្លូវការរបស់រថយន្ត HAVAL X DOG ថ្មីដែលពួកគេនឹងដាក់ឈ្មោះថា “Kugou” ដែលពីមុនត្រូវបានគេរាយការណ៍ថានឹងបង្ហាញខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែត្រូវពន្យារពេលជាច្រើនខែចាប់ពីពេលនេះទៅ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥២០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៧៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម ដែលមានតួខ្លួនមើលទៅវែងជាងរថយន្ត HAVAL Big Dog ។
សម្រាប់ការរចនាដ៏លេចធ្លោនៅលើតួខ្លួនពណ៌បៃតង ដែលមានមកជាមួយប៉ាណាពណ៌ខ្មៅធំ ជាប់ជាមួយនឹងចង្កៀងមុខ LED Matrix រាងមូល ធ្វើឲ្យរថយន្តមើលទៅកាន់តែទាក់ទាញ អមជាមួយនឹងសំបកកង់ off-road នឹងប្រអប់ដ៏ធំនៅផ្នែកខាងក្រោយ។
ចំពោះផ្នែកខាងក្នុងត្រូវបានតុបតែងដោយពណ៌ស-បៃតង មានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំ, ដៃចង្កូតពហុមុខងារ 3-spoke កន្លែងសាកថ្មឥតខ្សែ សរុបមកការរចនាគឺខុសពី HAVAL Big Dog ដូចជារន្ធខ្យល់ផ្តេក កុងសូលខាងមុខ កុងសូលកណ្តាលជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៨៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ជាមួយល្បឿនអតិបរមា ១៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕