[បរទេស] កាលពីថ្ងៃច័ន្ទ ទី២០ មិថុនា ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បានទទួលដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្ត Bugatti Veyron សំណព្វចិត្តរបស់គាត់ ត្រូវបានរកឃើញនៅក្នុងស្ថានភាពខូចខាតដោយបុគ្គលិករបស់ខ្លួនបើកទៅបុកជញ្ជាំង នៅលើកោះ Mallorca ប្រទេសអេស្ប៉ាញ ។
ទោះបីជាយ៉ាងណា ហេតុការណ៍នេះកីឡាករបាល់ទាត់វ័យ ៣៧ ឆ្នាំមិនមែនជាអ្នកបើកបរនៅពេលនោះទេ។ មានសេចក្តីរាយការណ៍ថា អង្គរក្សរបស់គាត់បានបើកឡានតម្លៃច្រើនជាង ២លានដុល្លារ ទៅបុកនឹងជញ្ជាំងនៅរមណីយដ្ឋានឆ្នេរ Sa Goma។ ទន្ទឹមនឹងនេះ ប៉ូលិសចុះដល់កន្លែងកើតហេតុបានសន្និដ្ឋានថា រថយន្តទំនើបនេះ វាបានបុកជញ្ជាំងទ្វារផ្ទះក្បែរមន្ទីរពេទ្យ Joan March រហូតដល់ខ្ទេចផ្នែកខាងមុខ ចំណែកអ្នកបើកបរមិនមានរបួសអ្វីឡើយ។
ជាមួយគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍ថា រថយន្តម៉ាក Bugatti Veyron ដ៏ប្រណិតនេះគឺជារថយន្តសំណព្វចិត្តរបស់ Ronaldo ដែលនាំយកមកពីទីក្រុង Manchester ចក្រភពអង់គ្លេស ដើម្បីប្រើជាមួយគ្រួសាររបស់គាត់ក្នុងអំឡុងពេលសម្រាកនៃរដូវកាលនេះ។
គួរបញ្ជាក់ផងដែរ សម្រាប់ Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ល្បី និងជោគជ័យមួយរូប ដែលមានរថយន្តដ៏ប្រណិត supercar ជាច្រើន រួមមានម៉ាករថយន្តដូចជា Aston Martin, Bentley និង Ferrari Monza និងមានរថយន្តកម្រជាច្រើនផងដែរ។ លើសពីនេះ ត្រូវបានគេរាយការណ៍ថាគាត់បានចំណាយច្រើនជាង ១០លានដុល្លារ ដើម្បីកាន់កាប់រថយន្ត Bugatti Centodieci មានត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោកកាលពីឆ្នាំមុន៕