មានអ្នកចង់ទិញច្រើនពេក ឡានភីកអាប់អគ្គិសនី Ford មួយទឹក លក់តម្លៃដល់ជិត ២០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] តម្លៃរថយន្តថ្មី និងរថយន្តមួយទឹកលើទីផ្សារសហរដ្ឋអាមេរិកមានការកើនឡើងគួរកត់សម្គាល់ក្រោយ​កើតមាន​វិបត្តិ​កូវីដ១៩ដែលធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងបន្លាស់ផលិតរថយន្ត។

ជាក់ស្ដែងដូចជារថយន្ត Ford F-150 Lightning Platinum ស៊េរីឆ្នាំ២០២២ ដែលជារថយន្តប្រើរួច បានដាក់លក់ក្នុងតម្លៃដល់ទៅ ១៩៣ ៩៨៨ដុល្លារ លើសតម្លៃចេញ​ពី​រោងចក្រ​ដែល​លក់មិនដល់ ១០ម៉ឺនដុល្លារផង។​ នេះមិនមែន​ជា​យុទ្ធសាស្ត្រទាក់ទាញអ្វី​នោះទេ ព្រោះតំណាងហាងលក់រថយន្ត World Ford Pensacola នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា​ការ​ដាក់​តម្លៃ​ខ្ពស់​នេះ​គឺ​ដោយ​សាររថយន្ត Lightning មានតម្រូវការច្រើនពេក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហាងលក់ខាងលើបានទិញរថយន្ត F-150 Lightning Platinum នេះពីឈ្មួញម្នាក់ ដែលមានន័យថារថយន្តនេះធ្លាប់មាន​ម្ចាស់​រួច​មក​ហើយ ហើយលើវិបសាយបានបញ្ជាក់ផងដែរថារថយន្តនេះបានបើកបរបានចម្ងាយ ១៣៩ម៉ាយ រួចទៅហើយ និង​មាន​ពណ៌​ខាងក្រៅ​ជា​ប្រភេទ Iced Blue Silver Metallic។

គួរដឹងថា តម្លៃចេញពីរោងចក្រសម្រាប់ Ford F-150 Lightning ស៊េរីឆ្នាំ២០២២ គឺមាន​ចាប់​ពី​ប្រមាណ ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ​ សម្រាប់ប្រភេទ Pro ខណៈដែលប្រភេទ Platinum មានតម្លៃចាប់ពីប្រមាណជាង ៩ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម