[ទីផ្សារបរទេស] ក្រុមហ៊ុន Cadillac កំពុងត្រៀមខ្លួនប្រកាសចេញ Concept នៃរថយន្ត Celestiq នាខែក្រោយនេះ ហើយបើតាមការចុះផ្សាយថ្មីចុងក្រោយបានឲ្យដឹងថារថយន្តនេះអាចនឹងមានតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ។
តម្លៃខ្ទង់៣០ម៉ឺនដុល្លារ អាចនឹងធ្វើឲ្យរថយន្តស្ថិតនៅក្នុងលំដាប់ជាមួយ Bentley និង Rolls-Royce ជាដើម ខណៈដែលរថយន្តថ្លៃបំផុតរបស់ Cadillac នាពេលបច្ចុប្បន្នគឺរថយន្ត Escalade-V ដែលមានតម្លៃចាប់ពី ១៥ម៉ឺនដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក។
តម្លៃនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែ Cadillac បានបញ្ជាក់ថារថយន្ត Celestiq នឹងផ្ដល់ជូនបច្ចេកវិទ្យាទំនើបក្នុងកម្រិត Ultra Cruise ដែលជាមុខងារបើកបរដោយមិនបាច់កាន់ចង្កូត ទំនើបជាងមុខងារ Super Cruise ដែលមាននាពេលបច្ចុប្បន្ន។ មុខងារនេះនឹងអាចឆ្លើយតបទៅនឹងចរាចរណ៍, អាចជួយដល់ការផ្លាស់ប្ដូរគន្លងស្វ័យប្រវត្តិ, អាចបត់ឆ្វេង ឬស្ដាំ និងអាចចតដោយស្វ័យប្រវត្តិជាដើម។
បន្ថែមពីនេះ Celestiq ក៏នឹងមានបំពាក់អេក្រង់ដ៏ទំនើបមានទំហំធំ រួមជាមួយបច្ចេកវិទ្យាដំបូលកញ្ចក់វៃឆ្លាតផងដែរ ដោយបច្ចេកវិទ្យានេះមានចែកចេញកញ្ចក់ជាបួនផ្នែក ដូចនេះអ្នកដំណើរម្នាក់ៗអាចកែសម្រួលដំបូលកញ្ចក់ទៅតាមចំណង់ចំណូលចិត្ត។
តាមការចុះផ្សាយរបស់ The Wall Street Journal បានឲ្យដឹងថា Cadillac នឹងចាប់ផ្ដើមផលិតរថយន្តអគ្គិសនីដ៏ប្រណីតនេះនៅត្រឹមចុងឆ្នាំ២០២៣ ប៉ុន្តែរថយន្តនេះរំពឹងថានឹងផលិតមិនដល់ ៥០០គ្រឿងឡើយក្នុងមួយឆ្នាំ៕