[ទីផ្សារបរទេស] កាលពីឆ្នាំ២០២១កន្លងទៅនេះ Jaguar អាចលក់រថយន្តលើទីផ្សារពិភពលោកបានត្រឹម ៨៦ ២៧០គ្រឿង ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះ ១៥,៨% ធៀបនឹងឆ្នាំ២០២០។
ជាការឆ្លើយតបនឹងការធ្លាក់ចុះនេះ ក្រុមហ៊ុនកំពុងតែត្រៀមនូវផែនការផ្លាស់ប្ដូរមួយដែលនឹងឃើញ Jaguar វាយលុកចូលទីផ្សាររថយន្តតម្លៃថ្លៃ រថយន្តអគ្គិសនីដែលផ្ដល់ប្រាក់ចំណេញខ្ពស់ ហើយអាចនឹងជាគូប្រជែងរបស់ Aston Martin ជាមួយ Bentley ជាដើម។
រថយន្តថ្មីរបស់ Jaguar ដែលគ្រោងចេញលក់ រំពឹងថានឹងចាប់ផ្ដើមពីឆ្នាំ២០២៥ ហើយម៉ូដែលរថយន្តបច្ចុប្បន្ននឹងមិនមានលក់ទៀតឡើយ មានន័យថាជាការចាប់ផ្ដើមថ្មីទាំងស្រុង។ បើតាមចចាមអារ៉ាមបានឲ្យដឹងថាមានរថយន្ត Concept កំពុងស្ថិតក្រោមការផលិតសម្រាប់ការបង្ហាញខ្លួននៅឆ្នាំ២០២៤។
ដោយឡែក តាមការចុះផ្សាយរបស់ Autocar កាលពីថ្មីៗនេះ បានឲ្យដឹងថានឹងមានរថយន្ត SUV ចំនួនបីត្រៀមបង្ហាញខ្លួន ដោយក្នុងនោះមានរថយន្តទ្វារពីរចំនួនមួយ រថយន្តទ្វារបួនចំនួនមួយ និងរថយន្ត SUV ទំហំធំចំនួនមួយ ដាច់ៗពីគ្នា។ បន្ថែមពីនេះវាអាចនឹងមានតម្លៃលើសពីប្រមាណជិត ១០ម៉ឺនដុល្លារ។
រថយន្តទាំងបីនឹងប្រើប្រាស់គ្រោងឆ្អឹង Panthera ដែលកំពុងតែផលិតដោយ Jaguar និងសហការជាមួយដៃគូដូចជា Magna និង Nvidia ផងដែរ។ ដូចនេះរង់ចាំតាមដានបន្តទៀតថា Jaguar នឹងបង្ហាញចេញរថយន្តប្រណីតកម្រិតណា៕