[ទីផ្សារបរទេស] រថយន្ត Hyundai Nexo ជំនាន់ថ្មី មានការរាយការណ៍មកថាត្រូវពន្យារពេលប្រកាសចេញរហូតដល់ឆ្នាំ២០២៤ ដោយសារមានបញ្ហាជុំវិញការអភិវឌ្ឍន៍ប្រព័ន្ធម៉ាស៊ីនដែលដើរដោយថាមពលអ៉ីដ្រូហ្សែនរបស់វា។
ការចុះផ្សាយរបស់ Seoul Economic Daily បានអះអាងថា Hyundai មានគម្រោងផលិតរថយន្ត និងចេញលក់នៅឆមាសទីពីរនៃឆ្នាំ២០២៣។ ត្បិតថាគេមិនច្បាស់អំពីបញ្ហាអភិវឌ្ឍន៍នេះ ប៉ុន្តែអ្នកវិភាគមួយចំនួនបានលើកឡើងថា Hyundai ប្រហែលជាវាយតម្លៃឡើងវិញលើអាជីវកម្មរថយន្តអ៉ីដ្រូហ្សែននេះ។
កាលពីខែកញ្ញា ឆ្នាំ២០២១ Hyundai បាននិយាយថាខ្លួនអាចនឹងចេញលក់រថយន្តប្រើឧស្ម័នអ៉ីដ្រូហ្សែនសម្រាប់រថយន្តពាណិជ្ជកម្មគ្រប់ម៉ូដែលនៅត្រឹមឆ្នាំ២០២៨។ ក្រុមហ៊ុនបាននិយាយទៀតថាខ្លួនអាចនឹងបង្កើតរថយន្តអ៉ីដ្រូហ្សែនសម្រាប់ Kia និង Genesis ដែលរថយន្តទាំងពីរអាចប្រកាសចេញក្រោយឆ្នាំ២០២៥។
ប្រភពខាងលើបានបន្ថែមថាការប្រកាសចេញរថយន្ត Genesis ដែលប្រើឧស្ម័នអ៉ីដ្រូហ្សែននៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ក្រោយពីមានការសម្រេចចិត្តថាផ្អាកការអភិវឌ្ឍន៍រថយន្តអ៉ីដ្រូហ្សែនដំបូងរបស់ Genesis កាលពីចុងឆ្នាំ២០២១៕