ឡាន Kia Soul ស៊េរីឆ្នាំ២០២៣ លក់តម្លៃមិនដល់២ម៉ឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានបង្ហាញចេញតម្លៃរថយន្ត Kia Soul ស៊េរីឆ្នាំ២០២៣ សម្រាប់ទីផ្សារ​សហរដ្ឋអាមេរិក ដែល​មានតម្លៃត្រឹមចាប់ពី ១៩ ៧៩០ដុល្លារ ពេលដែលរថយន្តនេះចេញលក់​នៅ​រដូវក្ដៅ។

តម្លៃនេះថ្លៃជាងស៊េរីឆ្នាំ២០២២ ចំនួន ៥០០ដុល្លារ ប៉ុន្តែស៊េរីឆ្នាំ២០២៣នេះ មាន​ផ្នែក​ខាងមុខដែលទាក់ទាញជាងមុន, មានអំពូល​ភ្លើង​ថ្មី និងមានរន្ធស្រូបខ្យល់ដែលស្រស់ស្អាតជាងមុនផងដែរ ហើយផ្នែកខាងក្រោយក៏មានការដុសខាត់បន្តិចបន្តួចផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គ្រឿងបរិក្ខារវិញ រថយន្តតម្លៃធូរថ្លៃជាងគេគឺលំដាប់ Soul LX មាន​បំពាក់កញ្ចក់ខាងក្រោយពណ៌ខ្មៅការពារភាព​ឯកជន, មាន​យ៉ាន់​កង់​ទំហំ ១៦អ៉ីញ, មានកុងទ័រប្រភេទឌីជីថល ហើយមាន​អេក្រង់កម្សាន្តទំហំ ៨អ៉ីញ ដែល​គាំទ្រ​មុខងារ Android Auto ជាមួយ Apple CarPlay។

លើផ្នែកសុវត្ថិភាពវិញ មានមុខងារមួយចំនួនមានមកជាស្តង់ដារតែម្ដង ដូចជា​មុខងារ Forward Collision Avoidance with Pedestrian Detection, Lane Keep Assist និង Rear Occupant Alert ជាដើម។

ជុំវិញ​ម៉ាស៊ីនវិញ គ្រប់កម្រិតទាំងអស់នៃរថយន្ត Soul ស៊េរីឆ្នាំ២០២៣ គឺមានបំពាក់ម៉ាស៊ីន​ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំងបាន ១៤៧សេះ ហើយវាមាន​ភ្ជាប់ជាមួយ​ប្រអប់​លេខ​វៃឆ្លាត​ដែលផ្ដល់ថាមពលផ្ដាច់មុខទៅកង់ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម