Porsche Macan ប្រភេទអគ្គិសនី ត្រូវលើកពេលប្រកាសចេញដល់ឆ្នាំ២០២៤

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Porsche បាន​ពន្យារពេល​ការប្រកាសចេញរថយន្ត Macan អគ្គិសនីរយៈពេលមួយឆ្នាំគឺ​លើក​ពី​ឆ្នាំ​២០២៣ ទៅឆ្នាំ​២០២៤ វិញ​ ដោយ​ដំណឹងនៃការពន្យារពេលនេះ​ទទួលបាន​ការ​បញ្ជាក់ពីលោក Oliver Blume ដែលជានាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​ផ្ទាល់។

បើតាមការលើកឡើងរបស់នាយកជាន់ខ្ពស់ Porsche បាន​ឲ្យដឹងថា​ការពន្យារពេលនេះ​គឺជាប់​ពាក់ព័ន្ធនឹងផ្នែក Software ព្រោះ​ថា​គ្រឿង​ Hardware នៃរថយន្តគឺមាន​សភាពល្អ មិនមានបញ្ហាអ្វីនោះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាម​ការចុះផ្សាយ​កាលពី​សប្ដាហ៍មុន ក្រុមហ៊ុន Cariad ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Software របស់ Volkswagen Group រងការចោទប្រកាន់ថា​អភិវឌ្ឍន៍ Software យឺតពេល ដែល​រំពឹងថាប៉ះពាល់ដល់​ការអភិវឌ្ឍន៍​រថយន្តនៅ Porsche, Audi និង Bentley ដែល​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ទាំងបីមានប្រើប្រាស់​គ្រោង​ឆ្អឹង​អគ្គិសនី PPE ដូចគ្នា។

ត្បិតថា Porsche បានបញ្ជាក់អំពីដំណឹងនៃការពន្យារពេលនេះ ប៉ុន្តែ Audi មិនបាន​និយាយ​ទាក់ទងនឹងរថយន្ត Q6 e-tron ដែល​ត្រៀម​ប្រកាសចេញនៅថ្ងៃខាងមុខនោះទេ។ Q6 e-tron ដែលប្រើគ្រោងឆ្អឹង PPE ទំនង​ជា​នឹង​ប៉ះពាល់​ដោយ​សារ​ភាព​យឺត​យ៉ាវ​នៃ Software នេះដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម