[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Audi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Audi Q6 ជាផ្លូវការជាមួយនឹងតម្លៃលក់មុន ៧៤ ០២១ ដុល្លារ ដល់ ៩៦ ២២៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តលក្ខណៈគ្រួសារ Q6 ត្រូវបានរចនាជាមួយប៉ាណាមុខថ្មី ព្រមទាំងមានរន្ធខ្យល់រាងជ្រុងធំតុបតែងដោយក្រូមបញ្ឈរ ចង្កៀងមុខប្រភេទ LED តុបតែងដោយក្រូម៉េ។ ចំហៀងរចនាជាពីរពណ៌ ដំបូលពណ៌ខ្មៅ ថាសកង់ស្ព័រពណ៌ខ្មៅប្រភេទ 5-spoke ។ ខណៈចង្កៀងក្រោយ LED Dot Matrix អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនិងកាងខាងក្រោយត្រូវបានស្រោបជាមួយនឹងក្រូម៉េផងដែរ។
ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងយ៉ាងប្រណិត និងផាសុកភាពមាននៅក្នុងម៉ូដែលដែលមាន ៦-៧កៅអី វាត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានប្រភេទ LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំធំដល់ទៅ ១០,១ អ៊ីញ និងផ្ទាំងបញ្ជាម៉ាស៊ីនត្រជាក់ទំហំ ៨,៦ អ៊ីញ ឧបករណ៍បំពងសំឡេង BAND & OLUFSEN និងប្រអប់ប្តូរលេខអេឡិចត្រូនិករបស់ Audi ដើម។
រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន 4th Gen EA888 ចំណុះ ២,០ លីត្រ turbocharger ទំហំ ៦ ស៊ីឡាំង ផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ៕