ត្រឹមពីរសប្ដាហ៍សោះ ឡានអគ្គិសនីមួយនេះមានអ្នកកក់ទិញជិត ៤ម៉ឺនគ្រឿង

[ទីផ្សារបរទេស​] ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Evergrande និយាយថាខ្លួនបាន​ទទួលការកក់ទិញ​ជាង ៣,៧ម៉ឺន​គ្រឿង សម្រាប់រថយន្ត​អគ្គិសនីសុទ្ធម៉ូដែល Hengchi 5 របស់ខ្លួន។

ការកក់ទិញនៃរថយន្ត Hengchi 5 បានបើកទទួលកាលពីពីរសប្ដាហ៍មុន ខណៈដែល​ការកក់នេះតម្រូវឲ្យតម្កល់ប្រាក់ប្រមាណ ១៤៨​ដុល្លារ។ ប្រធានក្រុមហ៊ុន លោក Liu Yongzhuo បាន​លើកឡើងថាការកុម្ម៉ង់ទិញរថយន្ត SUV អគ្គិសនីគឺលើសពី​អ្វីដែល​ក្រុមហ៊ុនបាន​រំពឹង​ទុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Evergrande មានគោលបំណងដឹកជញ្ជូនរថយន្ត Hengchi 5 ចំនួន១ម៉ឺនគ្រឿង នៅចន្លោះ​ថ្ងៃទី០១ ខែ​តុលា ឆ្នាំ​២០២២ ទៅដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៣ និងបានកត់ចំណាំថា​អតិថិជន​នឹង​មាន​សិទ្ធិទាមទារយកលុយមកវិញ​ប្រសិនបើ​ពួក​គេ​ផ្លាស់​ចិត្តក្រោយ ១៥ថ្ងៃ បន្ទាប់ពីទទួលបានសោររថយន្ត។

គួរដឹងថារថយន្ត Hengchi 5 មានប្រវែង ៤,៧៣ម៉ែត្រ និងប្រើប្រាស់អាគុយលីចូមរបស់ CATL ដោយវាប្រើប្រាស់​ម៉ូទ័រអគ្គិសនី​ដែល​អាចផលិតកម្លាំងបាន ២០១សេះ ហើយក្រុមហ៊ុន Evergrande អះអាងថារថយន្តនេះអាចបើកបរបានដល់​ចម្ងាយ ៧០០​គីឡូ​ម៉ែត្រ​ពេល​សាក​ភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម