[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បញ្ចេញនៅរថយន្ត GAC GA8 នៅក្នុងទីផ្សារប្រទេសចិន ជាមួយជម្រើសចំនួន ២ ម៉ូដែល និងមានតម្លៃលក់ចាប់ពី ២២ ៤៧៣ ដុល្លារ ដល់ ៣២ ៨៣៦ ដុល្លារ។
រថយន្ត GAC GA8 មានប្រវែងតួខ្លួនសរុប ៥ ០០៣ ម.ម ទទឹង ១ ៨៦៨ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ បើក្រឡេកទៅមើលការរចនានៅផ្នែកខាងក្រៅ រថយន្តនេះបានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំរំលេចជាមួយក្រូម៉េ ភ្ជាប់ជាមួយចង្កៀងមុខប្រភេទ LED មានអបដោយអំពូលបំភ្លឺពេលថ្ងៃដែលមានមុខងារបើក-បិទដោយស្វ័យប្រវិត្ត និងអំពូលកាត់អ័ព្ទផងដែរ។ មិនតែប៉ុណ្ណោះ ចង្កៀងខាងក្រោយក៏ជាប្រភេទ LED និងថាសកង់ស្ព័រទំហំ ១៧-១៨ អ៊ីញ ។
រីឯនៅផ្នែកខាងក្នុងវិញ បានតុបតែងជាមួយស្បែកយ៉ាងប្រណិត និងផាសុកភាព ដោយបំពាក់ដោយចង្កូតពហុមុខងារ ប៊ូតុងបញ្ឆេះម៉ាស៊ីន, កុងទ័រព័ត៌មានប្រភេទ LCD ទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, Bluetooth និងឧបករណ៍បំពងសំឡេងចំនួច ៦ ចំនុច។ បន្ថែមពីនេះ សម្រាប់កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៦ របៀប ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយ កាំម៉េរាមើលក្រោយការពារចំនាំងផ្លាតដោយស្វ័យប្រវតិ្ត និងដំបូលកញ្ចក់ sunroof ផងដែរ។
ចំពោះប្រព័ន្ធសុវត្ថិភាពរួមមានពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធកំណត់ល្បឿន (cruise control), ប្រព័ន្ធពិនិត្យសម្ពាធកង់, ប្រព័ន្ធផ្តល់សញ្ញគ្រោះថា្នក់ពេលឃើញឧបស័គ្គនៅខាងមុខ (Forward Collision Warning), ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកគន្លងផ្លូវ (Lane Departure Warning), សេនស័រខាងមុខ-ខាងក្រោយ, កាំមេរ៉ាខាងក្រោយ ១៨០ ដឺក្រេ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ E-Turbo ផលិតកម្លាំងបាន ២៥១ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ប៉ង១ វិលកង់មុខ៕