[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តប្រណីត Bentley បានប្រកាសអំពីតួលេខហិរញ្ញវត្ថុប្រចាំរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ ហើយទោះបីជាប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ ក៏ក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញច្រើនស្មានមិនដល់។
រំលឹកទៅកាលពេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Bentley អាចរកប្រាក់ចំណេញបានប្រមាណ ៣៩៧លានដុល្លារ ដែលជាឆ្នាំដ៏ល្អមួយសម្រាប់ Bentley។ យ៉ាងណាក្ដី ក្នុងពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ Bentley អាចស្វែងរកប្រាក់ចំណេញបានប្រមាណ ៤០៦,៥លានដុល្លារ ដែលច្រើនលើសពេញមួយឆ្នាំ២០២១បាត់ទៅហើយ។
Bentley បានបញ្ជាក់ថាប្រាក់ចំណូលនៅឆមាសទីមួយនៃឆ្នាំ២០២២នេះ មានប្រមាណ ១,៧៤ពាន់លានដុល្លារ កើនឡើងពី ១,៣៥ពាន់លានដុល្លារ ដែលរកបាននៅឆមាសទីមួយនៃឆ្នាំ២០២១ ហើយប្រាក់ចំណូលបានពីការលក់រថយន្តមួយគ្រឿងបានកើនពីជិត ១៩ម៉ឺនដុល្លារ ឡើងមកដល់ ២១៧ ០០០ដុល្លារ។
នេះមានន័យថា Bentley អាចលក់រថយន្តដែលមានតម្លៃប្រមាណ ២០ម៉ឺនដុល្លារ ឬ ២៥ម៉ឺនដុល្លារ ច្រើនជាងម៉ាករថយន្តប្រណីតដទៃទៀត ដោយឆមាសដំបូងនេះ Bentley អាចលក់រថយន្តបាន ៧ ៣៩៨គ្រឿង កើនឡើង ៣% ធៀបនឹងឆ្នាំ២០២១។
រថយន្តដែលលក់ដាច់ជាងគេគឺរថយន្ត Bentayga ដែលមានចំណែក ៤០% នៃចំនួនលក់ ខណៈដែលរថយន្ត Flying Spur ថ្មីមានចំណែក ២៧% និងរថយន្ត Continental GT មានចំណែក ៣៣%៕