រូបភាពដែលបង្ហាញពីរូបរាងនៃរថយន្ត Genesis GV80 ត្រូវបានលេចចេញមុនថ្ងៃប្រកាសចេញជាផ្លូវការ ដែលរថយន្ត SUV របស់កូរ៉េខាងត្បូងមួយនេះនឹងជាគូប្រជែងរថយន្តអឺរ៉ុបដូចជា Audi Q7, BMW X5 និង Mercedes-Benz GLE ជាដើម។
រថយន្ត GV80 ស៊េរីឆ្នាំ ២០២០ នឹងត្រូវបង្ហាញចេញជាផ្លូវការនៅថ្ងៃទី ១៩ ខែធ្នូ ក្នុងប្រទេសកូរ៉េខាងត្បូង។ គួរដឹងថានេះគឺរថយន្តប្រភេទ SUV ដំបូងគេបំផុតរបស់ម៉ាករថយន្តប្រណីត Genesis របស់កូរ៉េ ដែលវាជាម៉ាកសាខារបស់ក្រុមហ៊ុន Hyundai។
រថយន្ត SUV ប្រណីតនេះនឹងមានលក់លើទីផ្សារជាមួយម៉ាស៊ីនសាំងចំនួនពីរប្រភេទ គឺម៉ាស៊ីនចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង Turbocharged ផលិតកម្លាំងបាន ៣០៣ សេះ និងម៉ាស៊ីន ៣,៥ លីត្រ ៦ ស៊ីឡាំង ផលិតកម្លាំងបាន ៣៨៥ សេះ។ ទីផ្សារមួយចំនួនក៏នឹងមានជម្រើសម៉ាស៊ីនម៉ាស៊ូតដែលមានចំណុះ ៣,០ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៧៧ សេះ ហើយវាក៏នឹងមានប្រភេទ Plug-in Hybrid ផងដែរ៕