Mazda3 សេរ៊ីឆ្នាំ២០២៣ បង្ហាញខ្លួនផ្លូវការ ជាមួយការបង្កើនថាមពល និងការសន្សំសំចៃ

Mazda បានធ្វើការបន្តនូវការអភិវឌ្ឍន៍ម៉ូឌែលរថយន្តសេរ៊ីឆ្នាំ២០២៣ របស់ខ្លួន ជាមួយការបង្ហាញចេញជាផ្លូវការនូវរថយន្ត Mazda3។ ចាប់ផ្តើមជាមួយថាមពលកម្លាំង ម៉ាស៊ីន Naturally Aspirated ចំណុះ ២,៥លីត្រ Skyactive-G ពេលនេះអាចផលិតកម្លាំងបាន ១៩១សេះ និងកម្លាំងបង្វិលជុំ ២៥២ញ៉ូតុនម៉ែត្រ ដោយបង្កើនបាននូវកម្លាំងសេះច្រើនជាងមុន ៥សេះ។

សម្រាប់ ម៉ាស៊ីន ២,៥លីត្រ Skyactive-G នៅលើម៉ូឌែលឆ្នាំ២០២៣ បានបំពាក់ជាមួយបច្ចេកវិទ្យា Cylinder-deactivation ដែលទទួលបាននូវការអភិវឌ្ឍន៍ថ្មី ដើម្បីជួយបង្កើននូវប្រសិទ្ធភាពបន្ថែមទៀតក្នុងលក្ខខណ្ឌនៃការបើកបរណាមួយ។ លើសពីនេះម៉ូឌែលឆ្នាំ ២០២៣នេះ មានកម្រិតស៊ីប្រេងក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ត្រឹម ៨,៤លីត្រ សម្រាប់ផ្លូវក្នុងក្រុង, ស៊ី ៦,៣លីត្រ សម្រាប់ផ្លូវក្រៅក្រុង និង ៧,៨លីត្រ សម្រាប់ជាធម្យម។ ខណៈម៉ូឌែលឆ្នាំ២០២២ មានកម្រិតស៊ីប្រេង ៩,០៤លីត្រ សម្រាប់ផ្លូវក្នុងក្រុង, ស៊ី ៦,៧២លីត្រ សម្រាប់ផ្លូវក្រៅក្រុង និង ៧,៨៤លីត្រ សម្រាប់ជាធម្យម ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាពេលនេះ ម៉ូឌែល entry-level ត្រូវបានចាប់ផ្តើមពី Mazda3 2.5 S មានតម្លៃចាប់ពី ២២ ៥៥០ដុល្លារ សម្រាប់ប្រភេទ Sedan និង ២៣ ៥៥០ដុល្លារ សម្រាប់ប្រភេទ Hatchback។ ដោយម៉ូឌែលទាំង ២ បានកើននូវតម្លៃ ៤៥០ដុល្លារ ដែលមានន័យថាកើនលើសពីម៉ូឌែលឆ្នាំ ២០២២ ចំនួន ១ ៤០០ដុល្លារ ប៉ុន្តែអតិថិជនទទួលត្រឡប់នូវម៉ាស៊ីនដែលមានថាមលកម្លាំងខ្លាំងជាងមុន។

បន្ថែមពីនេះ ម៉ូឌែល Mazda3 2.5 S Carbon Edition ទទួលបាននូវជម្រើសប៉ុងពីរ ដែលមានតម្លៃចាប់ពី ២៧ ២០០ដុល្លារ និងផ្នែកខាងក្រៅ Polymetal Gray ជាមួយថាសកង់ប្រភេទ alloy ទំហំ ១៨អ៊ីញ និងស៊ុមត្រឡោកកញ្ចក់ប្រភេទខ្មៅរលោង រួមជាមួយផ្នែកខាងក្នុង នូវកៅអីស្បែកពណ៌ក្រហម និងឧបករណ៍បំពងសម្លេងប្រភេទ Bose ចំនួន ១២គ្រាប់។

ម៉ូឌែល Mazda3 2.5 S Premium បានទទួលបាននូវការអាប់ដេតផងដែរ ដែលបំពាក់ដោយប្រអប់លេខស្វ័យប្រវត្តិចំនួន ៦វគ្គ និងជម្រើសបើកបរប៉ុងពីរ។ ចំណែកម៉ូឌែលប្រើទាក់បូ Mazda 2.5 Turbo មាននៅលើប្រភេទ Hatchback មានតម្លៃចាប់ពី ៣២ ៤៥០ដុល្លារ ដំណើរការដោយម៉ាស៊ីន ២,៥លីត្រ Skyactive-G Turbo អាចផលិតកម្លាំងបាន ២៥០សេះ និងកម្លាំងរមួល ៤៣៣ញ៉ូតុនម៉ែត្រ។

សូមបញ្ជាក់ផងដែរថា Mazda3  សេរ៊ីឆ្នាំ២០២៣ ប្រភេទ Hatchback នឹងចេញលក់នៅលើទីផ្សាសហរដ្ឋអាមេរិច នារដូវស្លឹកឈើជ្រុះនេះ(ចន្លោះខែកញ្ញា-ធ្នូ) ហើយម៉ូឌែលប្រភេទ Sedan នឹងចេញលក់នៅរដូវរងារ (ចន្លោះខែធ្នូ-មីនា)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម