លើសម្បករថយន្តគ្រប់ម៉ាកតែងមានបង្កប់លេខកូដតំណាងឱ្យខ្លឹមសារជាច្រើនផ្សេងគ្នា ។ ក្នុងនោះក៏មានលេខកូដប្រាប់ពីកាលបរិច្ឆេទផលិតរបស់សម្បកកង់ ជាប្រយោជន៍អាចឱ្យយើងដឹងពីអាយុកាលសម្បកកង់រថយន្តដែលខ្លួនចង់ទិញ ។
នៅលើសម្បកកង់អ្នកត្រូវស្វែងរកពាក្យ DOT (មកពីពាក្យពេញថា Department of Transportation) ដែលមានលេខកូដ ៣ ឃ្លារនៅពីក្រោយ។ ក្នុងចំណោមលេខកូដមួយជួរនេះ ៤ លេខចុងក្រោយ ជាលេខតំណាងឱ្យថ្ងៃខែផលិតសម្បកកង់ ។ ឧទាហរណ៍ថា 2910 មានន័យថាសម្បកកង់ផលិតនៅសប្ដាហ៍ទី ២៩ នៃឆ្នាំ ២០១០ ។
គួរឱ្យដឹងថាសម្បកកង់រថយន្តមានអាយុកាលវែង ឬ ខ្លីអាស្រ័យលើកត្តានៃការប្រើប្រាស់ ។ ក្រុមហ៊ុនរថយន្តជាច្រើនរួមមាន Ford, Nissan, Mercedes-Benz សុទ្ធតែបានណែនាំអ្នកប្រើប្រាស់របស់ខ្លួនថា គួរប្ដូរសម្បកកង់ចេញម្ដងក្រោយអាយុកាលវាដល់ ៦ ឆ្នាំ ទោះបីជាមិនសឹកក៏ដោយ ។ ដោយឡែកក្រុមហ៊ុនផលិតសម្បកកង់ Continental និង Michelin វិញនិយាយថា សម្បកកង់អាចមានអាយុកាលដល់ ១០ ឆ្នាំ ប៉ុន្តែត្រូវត្រួតពិនិត្យឱ្យបានទៀងទាត់ពេលសម្បកកង់ចូលដល់វ័យ ៦ ឆ្នាំ ៕